ដើមឆ្នាំ២០១៨ ជំងឺគ្រុនឈាម មានការកើនឡើងទ្វេដង ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំកន្លងទៅ

18-08-2018 10:30am

ភ្នំពេញៈ យោងតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា ករណីជំងឺគ្រុនឈាមនាដើមឆ្នាំ២០១៨នេះ មានការកើនឡើងទ្វេដង ធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ ប៉ុន្តែអត្រាចម្លងថ្មី ស្ថិតនៅក្នុងសភាពអាចគ្រប់គ្រងបាន ខណៈ ដែលរដូវនៃការឆ្លងនៃជំងឺមួយនេះ នៅបន្តមាននៅពេលខាងមុខ ។

របាយការណ៍ដដែល បានបន្ថែមថា ក្រសួងជំនាញបានចេញសេចក្តីជូនដំណឹងឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាមនេះ ដែលជាធម្មតាតែងកើតមានក្នុងលក្ខណៈធ្ងន់ធ្ងររៀងរាល់ ៥ ឬ ៦ឆ្នាំម្តង ហើយឆ្នាំនេះអាចជាឆ្នាំនៃការកើនឡើងនៃជំងឺនេះ ។

ក្នុងរបាយការណ៍របស់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរានេះដដែល ក៏បានលើកឡើងផងដែរ អំពីជំងឺផ្តាសាយបក្សី ដែលបានកើតឡើងចំនួន៣ករណី គឺនៅរាជធានីភ្នំពេញ ខេត្តមណ្ឌលគីរី និងខេត្តព្រៃវែងនៅដើមឆ្នាំនេះ ដែលក្នុងនោះមានមាន់ និងទាមួយចំនួនបានងាប់ និងកម្ទេចចោល តែជំងឺនេះមិនមានការឆ្លងរាលដាលដល់មនុស្សទេ ។

ដោយកិច្ចសហការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន បានទប់ស្កាត់មិនឲ្យមានការឆ្លងរាលដាលបន្តបានទាន់ពេលវេលា ហើយវិធានការបសុព្យាបាលនៅតាមភូមិសាស្ត្ររងគ្រោះ ត្រូវបានអនុវត្តយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន យោងតាមបទពិសោធន៍ដែលធ្លាប់បានអនុវត្តកន្លងមក និងការបាញ់ថ្នាំសម្លាប់មេរោគនៅតាមកសិដ្ឋាន លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងតាមដងផ្លូវ រួមទាំងការផ្សព្វផ្សាយអប់រំ និងចែកប័ណ្ណផ្សព្វផ្សាយអំពីការការពារជំងឺផ្តាសាយបក្សីនេះផងដែរ៕