ក្រុមហ៊ុនសឹង្ហបុរី ជាមួយក្រុមហ៊ុន World Bridge Land បោះទុន១០០លានដុល្លារ អភិវឌ្ឍគម្រោងផ្ទះលំហែកាយ

02-05-2018 4:36pm

ភ្នំពេញៈ ក្រុមហ៊ុនដ៏ធំមួយរបស់សិង្ហបុរី Oxley-Emerald បានរួមដៃគ្នា ជាមួយក្រុមហ៊ុន Worldbridgeland បោះទុន១០០លានដុល្លារ អភិវឌ្ឍន៍គម្រោងផ្ទះលំហែកាយ The Palms បានបើកដំណើរការ បុកគ្រឹះសាងសង់ កាលពីព្រឹកថ្ងៃទី២ ខែឧសភានេះ ក្រោមវត្តមាន លោក ជា សុផារ៉ា ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពីអង្គទូត ក្រុមហ៊ុនធំៗលំដាប់ជាតិ-អន្តរជាតិយ៉ាងច្រើនកុះករ ។

គម្រោង The Palms មានទីតាំង ស្ថិតនៅក្នុងភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ការបង្កើតឲ្យមានគម្រោងថ្មីមួយនេះ សបញ្ជាក់ថា កម្ពុជាបានបន្ដនិងផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងល្អ រវាងក្រុមហ៊ុនឯកជនក្នុងស្រុក និងក្រៅស្រុក រួមទាំងលើវិស័យឧស្សហកម្មសំណង់ ជាច្រើនតូចធំជាច្រើនទៀតនាពេលបច្ចុប្បន្ន ។

លោក សៀរ រិទ្ធី អគ្គនាយក្រុមហ៊ុន Worldbridgeland បានថ្លែងឲ្យដឹងថា «គម្រោងអភិវឌ្ឍន៍ The Palms Project បានសហការជាមួយនឹងក្រុមហ៊ុន Worldbridgeland ក្នុងស្រុកមួយ ដែលបានចំណាយទុនវិនិយោគចំនួន១០០លានដុល្លារ សាងសង់លើផ្ទៃដីប្រមាណ៣៧,៦៨៩ម៉ែត្រការ៉េ ។ គម្រោងនេះចែកចេញជាច្រើនដូចជា៖ អគារប្រភេទវិឡាកូនកាត់, អគារភូមិគ្រឹះបែបលំហែកាយប្រភេទ V1, ភូមិគ្រឹះប្រភេទ V2, ភូមិគ្រឹះប្រភេទ V3, ភូមិគ្រឹះប្រភេទV4, ចំណត់យានយន្ដ, កន្លែងកំសាន្ដ សួនច្បារ កន្លែងហាត់ប្រាណ អាងហែលទឹក សួនកុមារ ផែចំណតម៉ូតូទឹក និងនាវាកំសាន្ដខ្នាតតូច ឆ្នេរទន្លេលំហែកាយ និងអាហារដ្ឋានជាដើម ។

នាឱកាសនោះដែរ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានថ្លែងថា គម្រោង The Palms ពិតជារួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា ទៅលើវិស័យលំនៅដ្ឋាន និងបានផ្តល់ការងារដ៏ច្រើនសន្ធឹកសន្ធាប់ដល់ប្រជាជនកម្ពុជា ។

លោកទេសរដ្ឋមន្រ្តី បញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០១៧ ការបោះទុនវិនិយោគលើវិស័យសំណង់នៅកម្ពុជា មានទឹកប្រាក់ប្រមាណ៦,៤០០លានដុល្លារ កើនឡើង២១.៨៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៦ ដែលមានត្រឹមតែ៥,៥៧៩លានដុល្លារ ហើយគម្រោងទាំងនេះ បានផ្ដល់ការងារទៅដល់យុវជនចំនួន២៦ម៉ឺននាក់ទៀតផង ។

លោកបន្ថែមថា នៅកម្ពុជាបច្ចុប្បន្ន មានគម្រោងបុរីចំនួន១៨៩ ចំណែកការសាងសង់ មានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ មានសោភណ្ឌភាព បរិស្ថាន ដែលចូលរួមចំណែក កែលម្អរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។ សម្រាប់លំនៅដ្ឋាន កាលពីឆ្នាំ២០១៧ មានចំនួន៥២.៧៣៦៩ខ្នង កើនឡើង១៦៣៧ភាគរយ បើធៀបនឹងឆ្នាំ២០១៦ គឺមានតែ៣០.៩៣៣ខ្នងតែប៉ុណ្ណោះ។ បច្ចុប្បន្ននេះ អ្នកដែលពាក់ព័ន្ធជាមួយនឹងការសាងសង់ ការសិក្សាគម្រោងប្លង់ នៅកម្ពុជាដែលបានមកចុះបញ្ជីមាន១០៣៧ក្រុមហ៊ុន និងក្រុមហ៊ុនដែលពាក់ព័ន្ធនឹងការសាងសង់មានចំនួន៩៩៩ក្រុមហ៊ុន៕