ខឹងឪពុកម្ដាយស្ដីបន្ទោសរឿងផឹកស៊ី ប្រើប្រាស់ AK បញ្ចប់ជីវិតខ្លួនឯង

16-04-2018 7:51pm

រតនគិរីៈ យុវជនម្នាក់ បានប្រើប្រាស់កាំភ្លើងAK បញ្ចប់ជីវិតខ្លួនឯង ក្រោយពីឪពុកម្ដាយស្ទីសន្ទោសរឿងដើរផឹកស៊ីច្រើនពេក។

ហេតុការណ៍បាញ់សម្លាប់នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុចកំពង់ទឹកជិតផ្ទះជនរងគ្រោះ ស្ថិតភូមិវើនហយ ឃុំហាត់ប៉ក់ស្រុកវើនសៃ ខេត្តរតនគិរី។

សមត្ថកិច្ច ស្រុកវើនសៃ បានឲ្យដឹងថា ជនដែលធ្វើអត្តឃាតខ្លួនឯងនោះ ឈ្មោះ ស៊ូ លាងតាក់ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិឡាវរស់នៅភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ច បន្តថា យុវជនខាងលើ បានប្រើប្រាស់កាំភ្លើង AK47 បាញ់ខ្លួនឯងចំក្រោមមាត់ធ្លាយទៅលលាដ៏ក្បាលផ្នែកខាងលើ ប្រកាច់ស្លាប់ភ្លាមៗ ព្រោះតែ​ខឹងនឹងឪពុកម្ដាយស្ដីបន្តោស ពីរឿងដើរលេងផឹកស៊ីច្រើនពេក ទើបធ្វើឲ្យរូបគេសម្រេចសម្លាប់ខ្លួនឯងតែម្ដង។

ក្រោយពីទទួលបានព័ត៌មានភ្លាមផ្នែកជំនាញយុត្តិធម៌ និងបច្ចេកទេសស្រុកសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍និងអាជ្ញាធរមូលដ្ឋាន បានធ្វើការពិនិត្យ និងតាមការបំភ្លឺពីក្រុមគ្រួសារជន​រងគ្រោះ និងសាក្សីនៅក្បែកន្លែងកើតហេតុ បានបញ្ជាក់ថា យុវជននេះពិតជាបាញ់សម្លាប់ខ្លួនឯងពិតប្រាកដមែន។

បន្ទាប់ពីពិនិត្យចប់សពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្នកម្លាំងជំនាញអធិការកំពុងធ្វើការស្រាវជ្រាវលើករណីនេះបន្ត៕