ស្ត្រីជនជាតិទំពួនម្នាក់ ស្រវឹងស្រា រអិលធ្លាក់ចូលអណ្តូងទឹក ស្លាប់មួយរំពេច

16-04-2018 5:48pm

រតនគិរីៈ ស្ត្រីជនជាតិទំពួនម្នាក់ ស្រវឹងស្រា ដើរក្បែរអណ្តូងទឹក រអិលជើងធ្លាក់ចូលស្លាប់ ក្រោយពីគេប្រទះឃើញ ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង៦នឹង៣០នាទីព្រឹកថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅភូមិថារ៉ងស្វាយ ឃុំអូរជុំ ស្រុកអូរជុំ ។

មន្ត្រីនគរបាលស្រុកអូរជុំបានឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មានពីប្រជាជនឈ្មោះ រៀ សូវៀត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិគ្រឹង ទីលំនៅភូមិឃុំកើតហេតុខាងលើ ហើយមានមុខរបរ ធ្វើចម្ការ បានរាយការថា មានមនុស្សធ្លាក់ចូលក្នុងអណ្តូងទឹក នៅជិតផ្ទះរបស់គាត់ ។

មន្ត្រីនគរបាលបន្តថា ក្រោយពីបានទទួលព័ត៌មានភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអូរជុំ បានសហការជាមួយកម្លាំងការិយាល័យ ជំនាញបច្ចេកទេសវិទ្យាសាស្ត្រខេត្ត យើងបានចុះទៅដល់កន្លែងកើតហេតុ ហើយក៏បានចាត់ចែងកម្លាំងឲ្យចុះយកសព ជនរងគ្រោះមកដាក់នៅខាងលើ ដើម្បីត្រួតពិនិត្យ ។

ក្រោយពីការត្រួតពិនិត្យរបស់គ្រូពេទ្យជំនាញ ខេត្តនឹងកម្លាំងជំនាញបច្ចេកទេសរួចមក តាមការសន្និដ្ឋាន របស់ជំនាញថា ហើយជនរងគ្រោះឈ្មោះ ផាង បាយ ភេទស្រី អាយុ៣៥ឆ្នាំជនជាតិទំពួន មុខរបរ ធ្វើចម្ការ ទីលំនៅភូមិតងកាម៉ាល ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។

សមត្ថកិច្ច បានបញ្ជាក់ទៀតថា ជនរងគ្រោះនេះបានផឹកស្រាស្រវឹងដើររអិល ជើងធ្លាក់ចូលក្នុងអណ្តូងទឹកដោយខ្លួនឯងស្លាប់តែម្តង ។

ក្រោយពីធ្វើកោសល្យវិច័យរួចមក សមត្ថកិច្ចបានប្រគល់សពទៅឲ្យសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕