Update ៖ សមត្ថកិច្ចចាប់ខ្លួនអ្នកដុតកម្ទេចរោងចក្រ​ នៅស្រុកអង្គស្នួលហើយ​ តាមពិតជាស្រ្តីជើងខ្លាំង​ នាង​ហ្គេច

16-04-2018 3:04pm

កណ្ដាលៈ កម្លាំងអាវុធហត្ថក្រុងភ្នំពេញ និងអាជា្ញធរមូលដ្ឋានបានធ្វើការឃាត់ខ្លួនស្ដ្រីជើងខ្លាំងឈ្មោះ កែវ​ រតនៈ ហៅ​ ហ្គិច ​ក្រោយធ្វើសកម្មភាព យកសាំងចាក់ទៅដុតក្នុងរោងចក្រផលិតគ្រឿងសង្ហារឹម និងក្ដារកុងផ្លាកេ យីហោ​ "ប្រាយវ៉េរ" បង្កអោយមានការឆាបឆេះយ៉ាងសន្ធោរសន្ធៅ ស្ថិតនៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីម៉ោងជាង១០ព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨នេះ ហើយ​បញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្ត។

សមត្ថកិច្ច បានឲ្យ​ដឹងថា អគ្គិភ័យនេះ បាន​បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១​០​ព្រឹកថ្ងៃចន្ទ​ ២កើត ខែពិសាខ​ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ពស​ ២៥៦២ ​ត្រូវនឹងថៃ្ងទី​១៦​ ខែមេសា​ ​ឆ្នាំ​២០១៨​ ក្នុងរោងចក្រ​ ប្រាយវ៉េរ​ (BRIGHTWAY) ផលិតគ្រឿងសង្ហារឹម និងក្ដារកុងផ្លាកេ នៅតាមផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រ​លេខ២៧ ស្ថិតក្នុងភូមិទឹកជា​ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។

លោក​ឧត្ដមសេនីយ៍ទោ​ អ៊ាវ​ ចំរើន​ ស្នងការនគរបាលខេត្តកណ្តាល​ បានដឹកនាំកម្លាំងចុះផ្ទាល់ ក្នុងការអន្តរាគមន៍បាញ់ពន្លត់ទីតាំងខាងលើ ដោយប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យស្នងការនគរបាល ចំនួន ២គ្រឿង និងរថយន្តជំនួយរបស់ទ័ពឆ័ត្រយោង​៩១១​ ចំនួន ២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់កងពលតូចលេខ៧០(៧១១) ចំនួន​២គ្រឿង ដោយប្រើប្រាស់ទឹក អស់ចំនួន០៦ឡាន បានរលត់ជាស្ថាពរ ដែលបណ្ដាលឲ្យខូចខាត ឈើកៅស៊ូ ចំនួន​ ២០គីប។

ប្រភពពីសាក្សីបំភ្លឺ​សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា​ គាត់ឃើញរថយន្តមួយគ្រឿង​​ មានគ្នា​៤ទៅ៥នាក់​ បានចូលទៅដុតឈើ​ ហើយបានគំរាមមិនអោយអ្នកណាចូលទៅពន្លត់ភ្លើងកំពុងឆេះនោះទេ​ ដោយប្រពន្ធម្ចាស់ក្រុមហ៊ុន​ឈ្មោះ​ កែវ​ រតនះ​ ហៅចែ​ហ្គិច​ ភេទស្រី​ បើកបររថយន្ត LEXUS 570 ស៊េរី២០​១៧​ ពាក់ស្លាកលេខ​ ខម​-៦៧៦២ គឺជាអ្នកដុត​ រួចបើករថយន្តចេញទៅតែម្ដង មួយសន្ទុះក្រោយមកក៏មានផ្សែងហ៊ុយចេញមក និងមានអណ្ដាតភ្លើងឆាបឆេះឡើងតែម្ដង។

ក្រោយបង្កហេតុរួចជនបង្កខាងលើបានបើករថយន្ត Lexus 570 ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ ខម 02-6762 ធ្វើសកម្មភាពរត់គេច ហើយត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានី​ភ្នំពេញ​ ឃាត់ចាប់បាននៅចំណុចសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក​ រួចបញ្ជូនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី​ភ្នំពេញ​ ចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ថា ស្ត្រីមានឈ្មោះ​ កែវ​ រតនៈ​ ហៅ​ហ្គេច​ ធ្លាប់ដកកាំភ្លើងបាញ់គំរាមពលរដ្ឋនៅជិតវត្តសន្សំកុសលម្ដង​ និង​ បើកឡានបុកពលរដ្ឋម្ដង​ និង​ មានរឿងជាច្រើនទៀតស្ទើររាប់មិនអស់​ ។​ មានពេលខ្លះសម្ដេចតេ​ជោ​ ហ៊ុន​ សែន​ ធ្លាប់ប្រកាសបញ្ជាអោសមត្ថកិច្ចចាប់នាងហ្គេចដាក់គុកទៀតផង​ ។​ ប៉ុន្តែជាប់គុកមិនបានប៉ុន្មានផងក៏របូតចេញមកវិញ​ ប្រព្រឹត្តអំពើអាក្រក់ដដែល​ ៕