លន់ ដាណេ ត្រូវនាយ ក្រឹម ហាមមិនឲ្យលង់ខ្លួន ជាមួយមុខរបរខុសជំនាញ

16-04-2018 10:50am

កម្សាន្តៈ តារាកំប្លែង លន់ ដាណេ ត្រូវបាននាយ ក្រឹម សម្រេចឲ្យចូលក្រុមសម្តែងវិញ បន្ទាប់ពីមើលឃើញថា ទេពកោសល្យសម្តែងរបស់នាង នៅតែមានការទាក់ទាញ ជាពិសេសការត្រឡប់មកសម្តែងឡើងវិញរបស់ លន់ ដាណេ ក្រោយពេលបិទមុខជំនួញ ហើយត្រូវបានមេកើយឈប់ឲ្យរវល់។

កន្លងមក លន់ ដាណេ បានបើកមុខរបរជាថៅកែភោជនីយដ្ឋាន ដោយចាយទុនជាច្រើនដុល្លារ ដើម្បីឲ្យមានការចាប់អារម្មណ៍។ ប៉ុន្តែវិថីដែលនាងដើរក្នុងនាមជាថៅកែហាង ត្រូវដួលពីមួយកន្លែងទៅមួយកន្លែង ខាតចុងខាតដើមខាតពេលវេលាច្រើន រាប់ទាំងកេរ្តិ៍ឈ្មោះសិល្បៈរហូតរត់មករកនាយ ក្រឹម សុំសម្តែងឡើងវិញ។

លន់ ដាណេ ឲ្យដឹងថា ក្រោយពេលងាកមកថតសម្តែងកំប្លែងវិញ ឃើញថា សន្ទុះកេរ្តិ៍ឈ្មោះនាងរើបៗមកវិញ ព្រោះគ្រាន់សម្តែងកំប្លែង២រឿង ទៅណាមកណាមានគេស្គាល់។ នាងថា ពេលនេះ នឹងចូលឲ្យស៊ុបឡើងវិញ ជាមួយសិល្បៈ ហើយលែងឆ្លេឆ្លាទៅណាទៀតហើយ។ នាង ជាពិសេសនាយ ក្រឹម បានហាមមិនឲ្យនាងយកលុយទៅរកស៊ីទៀតឡើយ ព្រោះខាតម្តងៗច្រើន ព្រោះប្រាក់មិនងាយរក។

តារាកំប្លែងរូបនេះ បញ្ជាក់ថា “មានអីចំណេញ បើយើងមិនមានចេះក្បួន ហើយធំតែខ្លួន ខាតរាល់ខែ រកតែប្រាក់បើកឲ្យកូនចៅមិនទាន់។ ឥឡូវឈប់លង់ខ្លួននឹងងារជាថៅកែហាងស្អីទៀតហើយ ល្អតែមើល ហើយស្តាយលុយខំរក”។

នាង លន់ ដាណេ ក៏បញ្ជាក់ដែរថា សម្រេចចិត្តចូលមកកាន់ការសម្តែងឡើងវិញលើកនេះ នឹងស្តារប្រជាប្រិយភាពម្តងទៀត ឈប់គិតដោយយល់ថា សិល្បៈមិនបាច់ខ្វល់ខាតលុយអីទេ មកតែសម្តែងឲ្យទាន់ម៉ោង ដល់ចប់បើកលុយ គឺស្រួល ទើបនាងមិនចង់ឲ្យផុងខ្លួនដូចមុន៕