Breaking News ៖ លោក ត្រាំ បញ្ជាឲ្យបើកការវាយប្រហារមកលើទីតាំងផលិតអាវុធគីមី របស់ស៊ីរី

18-08-2018 10:30am

អាមេរិក: លោកប្រធានាធិបតី ដូណាល់ ត្រាំ បានយល់ព្រមឲ្យមានការវាយប្រហារដោយយោធាសហរដ្ឋអាមេរិក មកលើទីតាំងផលិតអាវុធគីមីស៊ីរី ដោយមានការសម្របសម្រួលពីចក្រភពអង់គ្លេស និងបារាំង ។

ការវាយប្រហារទាំងនេះ គឺដើម្បីឆ្លើយតបនឹងការវាយប្រហារដោយអាវុធគីមីចោទប្រកាន់មកលើទីក្រុងឌូម៉ា ប្រទេសស៊ីរី កាលពីសប្តាហ៍មុន ។

លោកត្រាំ បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់ជាតិថា ប្រតិបត្តិការចម្រុះជាមួយកងកម្លាំងប្រដាប់អាវុធបារាំង និងចក្រភពអង់គ្លេស បច្ចុប្បន្នបានដំណើរការហើយ ។

ការផ្ទុះអាវុធត្រូវគេរាយការណ៍ថា បានកើតឡើងនៅជិតរដ្ឋធានីដាម៉ាស់ របស់ប្រទេសស៊ីរី ។

លោកត្រាំ បាននិយាយថា ការវាយប្រហារត្រូវបានបញ្ជាមកលើគោលដៅពាក់ព័ន្ធនឹងសមត្ថភាពអាវុធគីមី របស់រដ្ឋាភិបាលស៊ីរី ហើយគោលបំណងគឺដើម្បីប្រឆាំងនឹងការផលិត ការសាយភាយ និងការប្រើប្រាស់អាវុធគីមី ។

លោកត្រាំ និយាយចង់សំដៅលើប្រធានាធិបតីស៊ីរី លោក បាសា អាល់ អាសាដ ថា ទាំងនេះមិនមែនជាទង្វើរបស់មនុស្សនោះទេ តែផ្ទុយទៅវិញវា គឺជាបទឧក្រិដ្ឋរបស់សត្វចម្លែក ។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលស៊ីរី បានធ្វើការច្រានចោលទាំងស្រុងចំពោះការវាយប្រហារដោយអាវុធគីមី ហើយរុស្ស៊ី ដែលប្រទេសសម្ព័ន្ធមិត្តរបស់ពួកគេ បានធ្វើការព្រមានថា ការវាយប្រហារយោធាលោកខាងលិច នឹងប្រឈមហានិភ័យនៃការផ្ទុះសង្រ្គាម៕