អង្គភាពសារព័ត៌មាន Cam Post សូមប្រសិទ្ធពរជ័យដល់ប្រជាជាតិខ្មែរ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

14-04-2018 5:30am

ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ឈានចូលឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ដែលចូលមកដល់នៅថ្ងៃនេះ ថ្នាក់ដឹកនាំ បុគ្គលិក និងសហការី នៃអង្គភាពសារព័ត៌មាន Cam Post សូមឆ្លៀតឱកាសដ៏មហានក្ខត្តឫក្សនេះ ប្រសិទ្ធពរជ័យដល់ប្រជាជាតិខ្មែរទាំងមូល ឲ្យទទួលបាននូវសិរីសួស្ដី និងសុខសុភមង្គលគ្រប់ក្រុមគ្រួសារ។

សូមឲ្យឆ្នាំចាស់ផ្លាស់យកចេញទៅនូវរឿងឧបទ្រឌទាំងឡាយ និងសូមឲ្យទេវតាឆ្នាំថ្មី ព្រះ​នាង​ម​ហោ​ទរា​ទេវី បុត្រី​ទី៧ នៃ​កបិល​មហាព្រហ្ម តាមជួយបីបាច់ថែរក្សាបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ឲ្យជួបតែពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមឲ្យទេវតាឆ្នាំថ្មី នាំមកនូវសិរីសួស្ដីចូលមានដល់គ្រប់ក្រុមគ្រួសារលោកអ្នក ឲ្យជួបតែសេចក្ដីសុខ សេចក្ដីចម្រើន និងរកស៊ីទទួលទានមានបាន។

ថ្នាក់ដឹកនាំ បុគ្គលិក និងសហការីគ្រប់ផ្នែកទាំងអស់ ក៏សូមគោរពជូនពរដល់លោកអ្នកធ្វើដំណើរទៅជួបជុំគ្រួសារនៅស្រុកកំណើតមិនថា ទីឆ្ងាយឬជិតក្ដី ឬដំណើរកម្សាន្តផ្សេងៗក្ដី ឲ្យជួបតែសុខសុវត្ថិភាពទាំងទៅទាំងមកគ្រប់ៗគ្នា។

សូមជម្រាបថា មហា​សង្ក្រាន្ត​ឆ្នាំច សំរឹទ្ធស័ក ពុទ្ធសករាជ២៥៦២ គ្រឹស្តសករាជ២០១៨ មហា​សករាជ១៩៤០ ច​ល​សករាជ១៣៨០ សង្ក្រាន​ឆ្នាំ​នេះ​ នឹង​ចូល​មក​នៅ​ថ្ងៃ​សៅរ៍ ១៤​រោច ខែ​ចេត្រ ត្រូវ​នឹង​ទី១៤ ខែ​មេសា ឆ្នាំ ២០១៨ វេលា​ម៉ោង៩៖១២នាទី​ព្រឹក។ ទេព​ធីតា ដែល​នឹង​យាង​ចុះ​មកបន្តវេន​រក្សា​មនុស្សលោក​ក្នុងឆ្នាំនេះ គឺ​ព្រះ​នាង​ម​ហោ​ទរា​ទេវី បុត្រី​ទី ៧ នៃ​កបិល​មហាព្រហ្ម តំណាង​ឲ្យ​ថ្ងៃសៅរ៍ មាន​ផ្កាត្រកៀត សៀត​នៅ​ព្រះ​កាណ៌ ភក្សា​ហារ សត្វ​ទ្រាយ ព្រះ​ហ​ស្ថ​ស្តាំ​ គឺ​កងចក្រ ព្រះ​ហ​ស្ថ​ឆ្វេង​ គឺ​ត្រីសូល៍ គង់​លើ​មយូ​រ៉ា ឬ​សត្វ​ក្ងោក ទ្រង់​មាន​ព្រះ​អម្ពរ​ពណ៌​ត្រាប (​ពណ៌​ខៀវ​។

ថ្ងៃទី​១ គឺ​ថ្ងៃ​វារៈ​មហា​សង្ក្រាន្ត ថ្ងៃ​សៅរ៍ ១៤រោច ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃទី១៤ ខែ​មេសា គ​.​ស២០១៨ វេលា​ម៉ោង៩និង១២នាទី​ព្រឹក ជា​ថ្ងៃ​ចូល​ឆ្នាំចរ សំរឹទ្ធិស័ក​។​

ថ្ងៃទី២ វា​រៈវ័ន​បត ថ្ងៃអាទិត្យ ១កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃទី១៤ ខែ​មេសា គ​.​ស២០១៨។

ថ្ងៃទី៣ វារៈ​ឡើងស័ក ថ្ងៃ​ច័ន្ទ ២កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃទី១៦ ខែ​មេសា គ​.​ស២០១៨ វេលា​ម៉ោង១២និង៥៩នាទី និង​២៤វិនាទី គម្រប់​ជា​សង្ក្រាន៣ថ្ងៃ​។​

ចំពោះ​រណ្តាប់​ទទួល​ទេវតា​

តាម​ទំនៀម​ពី​បុរាណ​រៀង​មក ​ត្រូវ​រៀប​រាន​ទេវតា​នៅ​ខាង​មុខ​ផ្ទះ​មួយ សម្រាប់​តាំង​គ្រឿង​ពលិការ​ផ្សេងៗ​។

-​ក្រាល​សំពត់​ពណ៌​ស​

​-បាយ​សី ៩ ថ្នាក់ មួយគូ​

​-បាយ​សី ៧ ថ្នាក់ មួយគូ​

​-បាយ​សី ៥ ថ្នាក់ មួយគូ​

​-បាយ​សី ៣ ថ្នាក់ មួយគូ​

​-បាយ​សី ប៉ាឆា​ម មួយគូ​

​-ស្លា​ធម៌ មួយគូ​

​-ទឹកអប់ មួយគូ​

​-ទៀន ៥ ធូប ៥ លា​ច ៥ ផ្កា​៥

​-ដាក់​លើ​ជើងពាន​

​-ចេក​នួន ចេក​ណាំវ៉ា មួយគូ​

​-ផ្លែឈើ ១១ មុខ​

​-ដូង​ឡៅ មួយគូ​

​-ទឹកស្អាត ពីរ​កែវ

នៅវេលា​ម៉ោង​ទេវតា​ចុះមក ត្រូវ​ជួបជុំ​គ្រួសារ ដើម្បី​ថ្វាយបង្គំ​ព្រះ ​ធ្វើន​មសិ​កា​ព្រះ​រតនត្រ័យ សមាទានសីល ហើយ​តាំងចិត្ត​ឲ្យបាន​ស្អាត​វិសុទ្ធ ជ្រះស្រឡះ​នូវ​មន្ទិល​ទាំងពួង តម្កល់​ចិត្ត ចិត្ត​រំពឹង​ទៅលើ​ព្រះធម៌ ព្រះសង្ឃ​ជា​ទីពឹង​ទី​រឭក លុះ​ចប់​ពិធី​ទទួល​ទេវតា​។ ចំពោះ​បាយសី ៩ថ្នាក់ ៧ថ្នាក់ ជា​ទំនៀម​មានចែង​នៅក្នុង​សៀវភៅ​ព្រះរាជ​ពិធី​ទ្វារទ​ស្សមាស និង​មាន​អនុវត្ត​នៅ​ព្រះបរមរាជវាំង​។ ចំពោះ​ប្រជារាស្ត្រ​គួរ​ធ្វើ​ត្រឹម ៥ថ្នាក់​ចុះមក ឬ​រៀបចំ​ត្រឹម​គ្រឿង​សក្ការៈបូជា មាន​ទៀន៥ ធូប​៥ ស្លា​ធម៌ កូន​ចេក ក៏​ល្មម​សមគួ​រដែរ​។ ចំពោះ​ផ្លែឈើ គួរ​ដាក់​ផ្កាម្លិះ​ភួង​ពីលើ​គ្រប់​ដង្វាយ​នៅលើ​ជើងពាន នៅលើ​បាយសី​ត្រូវ​ដោត​ទៀន ហើយ​ដុត​បំភ្លឺ​។

ចូលអាន Cam Post មានព័ត៌មានគ្រប់រសជាតិ ទាំងព័ត៌មានក្នុងប្រទេស និងពិភពលោក អប់រំ បទអត្ថាធិប្បាយ បទយកការណ៍ វិភាគអន្តរជាតិ សេដ្ឋកិច្ច អត្ថបទសិក្សា សុខភាព កីឡា កម្សាន្ត និងវិដេអូផងដែរ។

=> សូម Download កម្មវិធី (App) Cam Post ដោយសេរី និងឥតគិតថ្លៃចូលក្នុងទូរស័ព្ទឆ្លាតវ៉ៃ (Smart Phone) របស់លោកអ្នក!

=> ចុចលីងនេះ សម្រាប់ទូរស័ព្ទដំណើរការដោយប្រព័ន្ធ iOS ៖ https://appsto.re/kh/h1Odib.i

=> ចុចលីងនេះ សម្រាប់ទូរស័ព្ទដំណើរការដោយប្រព័ន្ធ Android ៖ https://play.google.com/store/apps/details?id=campost.news