មុនទទួលមរណភាព តើឪពុក DJ ក្ដឹប ផ្ដែផ្ដាំអ្វីខ្លះ?

18-08-2018 10:30am

ភ្នំពេញៈ ខណៈប្រជាពលរដ្ឋទូទាំងប្រទេស កំពុងត្រៀមចូលរួមសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលចូលមកដល់នាវេលាម៉ោង៩ព្រឹកស្អែកនេះ ស្រាប់តែដំណឹងដ៏សោកសង្រេងមួយកើតឡើងទៅលើក្រុមគ្រួសារសិល្បករមួយរូបគឺ ឌីជេ ក្តឹប ដោយសារលោកឪពុកជាទីស្រឡាញ់របស់គាត់ បានទទួលមរណភាព។

យោងតាមវិដេអូឃ្លីបមួយ ដែល DJ ក្តឹប បានថតនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨នេះ បានរៀបរាប់ពីក្តីសោកសង្រេង ខណៈដែលខ្លួនមិនអាចបំពេញក្តីស្រមៃរបស់ឪពុកបាន មុននឹងគាត់បានលាចាកពីលោកនេះទៅ។

ឪពុកបង្កើត​ ឌីជេ ​ក្ដឹប មានឈ្មោះ ចាន់ សាវី បានទទួលមរណភាព នៅវេលាថ្ងៃទី​១៣ ខែមេសា​ ឆ្នាំ​២០១៨នេះ ដោយ​រោគាពាធ ក្នុងជន្មាយុ៧៧ឆ្នាំ។ ចំណែកម្ដាយឈ្មោះ ជា រតនា អាយុ៦១ឆ្នាំ និងឌី​ជេ ក្ដឹប មានឈ្មោះពិត ចាន់ សំណាង​ និងប្រពន្ធឈ្មោះ គួន បូរ៉ាន់ និងមានកូនប្រុសម្នាក់ អាយុប្រមាណជាជិត២ខួប មានទីលំនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល​។

អង្គភាព​សារព័ត៌មាន​ Cam Post បានដកស្រង់ពីគណនីហ្វេសប៊ុកឈ្មោះថា "ចាន់​ សំណាង" ជារបស់​ ឌីជេ​ ក្ដឹប​ ផ្ទាល់ ដោយបានសរសេររៀបរាប់ទាំងក្ដុកក្ដួលទាំងស្រុងថា “ប៉ាគេងហាមាត់ចឹងទៅអាក្រក់មើលដល់ហើយប៉ា តែមិនអីទេហាមាត់ក៏ហាទៅ ឲ្យតែប៉ាចអាចគេងលក់ស្រួលដោយមិនពិបាកខំទ្រាំដកដង្ហើមទាំងនិយាយមិនកើត ញាំមិនបាន និងឈឺចាប់ចុកសព្វសាច់នៅក្នុងប្រាណរបស់ប៉ាដូចរាល់ដងទៀតនោះទេ។

ពិសេសគឺកូនសប្បាយចិត្តណាស់ដែលអាចបោកប្រាស់ប៉ាឲ្យខំប្រឹងរស់បន្ថែមបានជិត១ខែដែរ (មុនគេងលែងក្រោកចាប់ពីពេលនេះតទៅ) គឺដើម្បីចាំមើលលុយ១មុឺនដុល្លារដែលកូនបានសន្យាថាៈ "បើប៉ាព្រមចាកចេញពីមន្ទីរពេទ្យហើយមកគេងបែបនេះនៅលើគ្រែក្នុងផ្ទះដ៏តូចចង្អៀតតែពោលពេញដោយភាពកក់ក្ដៅនៅក្នុងគ្រួសាររបស់យើង" ។ ទើបបានជាប៉ាប្រឹងៗគេងរង់ចាំមើល "លុយនិងឡាន" ដែលកូនប្រុសដ៏ថោកទាបរបស់ប៉ាបានសន្យាខ្យល់បោកប៉ាពី១ថ្ងៃទៅ១ថ្ងៃរហូតប៉ាអស់ចិត្តក៏ចាកចេញទៅទាំងស្ងប់ចិត្តដោយក្ដីអាណិតស្រលាញ់គ្រួសារយ៉ាងស្ងៀមស្ងាត់បំផុត ។ សូម្បីតែមនុស្សស្រីដែលប៉ាស្រលាញ់បំផុត ក៏ប៉ាអត់ហ៊ានដាស់គាត់ឲ្យក្រោក ដើម្បីលាទៅដែរ ព្រោះខ្លាចគាត់យំមិនព្រមឲ្យប៉ាចាកចេញទៅទាំងដឹងថាប៉ាបានស្ងប់ចិត្តហើយ។

អរគុណប៉ាដែលប្រឹងនិយាយប្រាប់កូនថា"​នែអាកូនឈាមថោក" ហែងមិនបាច់មកបោកអញថាមនុស្សប្រើគ្រឿងញៀនដូចហែងហ្នឹង មានអាណាគេព្រមឲ្យខ្ចីដល់១០០ដុល្លារនោះហ្អា (កុំថាឡើងដល់១ម៉ឺនដុល្លារនោះអាថោក) ។ ហាសហា! ពេលឮប៉ាប្រាប់បន្តថាៈ "ចាន់ សំណាង" កូនឯងត្រូវចាំថា ទោះបីជាកូនឯងយល់ដឹងច្រើនប៉ុណ្ណាក៏ដោយ ក៏គ្មានអ្នកណាគេឲ្យតំលៃកូនដែរ (បើកូនគ្មានលុយ)។ ហើយបើទោះបីជាកូនបានជួយគេឲ្យជោគជ័យច្រើនប៉ុណ្ណាក៏ដោយ ក៏គេខ្ពើមនិងជួយកូនវិញណាស់ (ឲ្យតែកូនប្រើគ្រឿងញៀន) ណាកូន។

ហេតុដូច្នេះហើយ! បើកូនពិតជាមានឱកាសមានមនុស្សមានបុណ្យចិត្តធម៌ព្រមជួយកូននៅក្នុងគ្រាដ៏ក្រៀមក្រំ និងថោកទាបបំផុតនាពេលនេះ "សូមកូនមេត្តាប្រើជីវិត១នេះរបស់កូនផ្លាស់ប្ដូរខ្លួនឯងដើម្បីតបស្នងសងគុណដល់គេវិញណាកូនប៉ា ។ ក្ដឹបឆ្លើយ បាទប៉ា! កូនរកឃើញហើយ ហើយក៏បានយកលុយ ​និង​ឡានមកហើយដែរ តែពេលដាស់ប៉ាអត់ក្រោកចឹងទៅ កូនក៏ឲ្យគេយកលុយ១ម៉ឺនដុល្លារ និងឡាន៤៧០ ពណ៌សហ្នឹងទៅវិញតែម្ដងទៅ ដើម្បីដូរយកឡានថ្មីដ៏ស្អាត១គ្រឿងឌុបប៉ាដើរលេងជុំវិញផែនដីនេះ ឲ្យសប្បាយចិត្តម្ដងណាប៉ា ប៉ុន្តែមិនត្រូវសន្យាជាដាច់ខាតថាប៉ាពិតជាអត់បានខឹងកូនទេ បើកូនអត់កុហក។

យ៉ាងណាក្តី Cam Post សូមធ្វើការផ្សព្វផ្សាយដំណឹងមរណទុក្ខដ៏ក្រៀមក្រំនេះ ជូនចំពោះក្រុមគ្រួសារ DJ ក្តឹប ដែលឪពុករបស់លោកបានទទួលមរណភាពហើយ និងជាសារជូនដល់បងប្អូនញាតិមិត្តជិតឆ្ងាយ ជាពិសេសតារាសិល្បៈទាំងឡាយបានជ្រាប និងចូលរួមរំលែកទុក្ខតាមសទ្ធាបុណ្យរៀងៗខ្លួន៕