រដ្ឋាភិបាលជប៉ុន ស្វាគមន៍ការប៉ុនប៉ងរបស់អាមេរិក ក្នុងការចូលរួមឡើងវិញ នូវកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក

18-08-2018 10:30am

ជប៉ុនៈ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុជប៉ុន លោក តារ៉ូ អាសូ បាននិយាយនៅថ្ងៃសុក្រនេះថា លោកនឹងស្វាគមន៍ការសម្រេចចិត្តដោយសហរដ្ឋអាមេរិក ដើម្បីពិនិត្យពិច័យលើការចូលរួមឡើងវិញ នូវកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ថ្វីត្បិតតែរដ្ឋាភិបាលរបស់លោ កបាននិយាយថា កិច្ចចរចាឡើងវិញ ពិបាកខ្លាំងយ៉ាងណាក៏ដោយ។

សេចក្តីអធិប្បាយរបស់លោក អាសូ បានកើតមានឡើង បន្ទាប់ពីទទួលបានដំណឹងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ចង់ពិនិត្យមើលឡើងវិញ នូវកតិកាសញ្ញាពាណិជ្ជកម្មមួយនេះ។

ទោះបីជាលោក អាសូ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកនឹងស្វាគមន៍ការសម្រេចចិត្តរបស់លោក ត្រាំ យ៉ាងណាក្តី ក៏លោក យ៉ូស៊ីហាយ ស៊ូហ្គា ប្រធានគណៈរដ្ឋមន្រ្តីជប៉ុន បាននិយាយនៅក្នុងសន្និសីទកាសែតថា ដំណើរការចរចាឡើងវិញ មិនមែនជាការងាយស្រួលនោះទេ ពោល គឺវាពិតជាពិបាកខ្លាំងណាស់។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិក បានចូលរួមកិច្ចចរចាលើកិច្ចព្រមព្រៀង TPP ក្រោមរដ្ឋបាលអ្នកឡើងកាន់តំណែងមុនរបស់លោក ត្រាំ ប៉ុន្តែប្រធានាធិបតីរូបនេះ បានដកអាមេរិក ចេញវិញ កាលពីដើម្បីឆ្នាំមុន ក្រោមលក្ខខ័ណ្ឌ “គិតប្រយោជន៍អាមេរិកជាធំ” ជាហេតុធ្វើឲ្យមានក្តីកង្វល់ពីការគាំពារនិយមលើវិស័យពាណិជ្ជកម្ម។

ជាលទ្ធផល ប្រទេសចំនួន១១ ដែលរួមទាំងអូស្រ្តាលី កាណាដា ជប៉ុន និងម៉ិកស៊ិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្តអាស៊ី-ប៉ាស៊ីហ្វិកមួយនេះ នៅក្នុងទីក្រុង សានទីយ៉ាហ្គោ កាលពីថ្ងៃទី៨ ខែមីនា៕