គ្រូជម្រើសជាតិតេក្វាន់ដូ ជឿជាក់ខ្លាំងនាំយកមេដាយមកកម្ពុជា ពីព្រឹត្តិការណ៍ Asian Taekwondo Championships 2018

18-08-2018 10:30am

ភ្នំពេញៈ គ្រូបង្វឹកក្រុមជម្រើសជាតិតេក្វាន់ដូ បានបង្ហាញការជឿជាក់ខ្លាំងលើអត្តពលិកខ្លួនថា នឹងអាចប្រជែងដណ្តើមបានមេដាយមកជូនកម្ពុជា ពីព្រឹត្តិការណ៍ Asian Taekwondo Championships 2018 នៅប្រទេសវៀតណាម នៅចុងខែមេសានេះ។

គ្រូបង្វឹកក្រុមជម្រើសជាតិតេក្វាន់ដូ សញ្ជាតិកូរ៉េ លោក ឆយ យ៉ុងសុគ ឲ្យដឹងថា ព្រឹត្តិការណ៍ Asian Taekwondo Championships 2018នៅប្រទេសវៀតណាម ដែលដំណើរការប្រកួតផ្លូវការ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ខាងមុននេះ សហព័ន្ធកីឡាតេក្វាន់កម្ពុជា នឹងបញ្ជូនកីឡាករការិនី៩រូប ទៅចូលរួមប្រកួតប្រជែង។

លោកអះអាងថា ការបញ្ជូនអត្តពលិកចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍មួយនេះ ក្នុងគោលបំណងវាស់ស្ទង់កម្រិតបច្ចេកទេស ដើម្បីជ្រើសរើសចម្រាញ់យកកីឡាករការិនី៤រូប ដែលមានសមត្ថភាពខ្ពស់ ទៅហ្វឹកហាត់នៅប្រទេសកូរ៉េ ត្រៀមចូលរួមប្រជែងដណ្តើមយកមេដាយពីព្រឹត្តិការណ៍កីឡាអេស៊ានហ្គេម នៅប្រទេសឥណ្ឌានេស៊ី នាអំឡុងខែសីហា ឆ្នាំ២០១៨ខាងមុខនេះ។

លោកបញ្ជាក់ថា ការប្រកួត Asian Taekwondo Championships 2018 នេះ ដ្បិតកីឡាករកីឡាការិនីចូលរួមប្រកួតប្រជុំដោយជើងខ្លាំងក៏ពិតមែន តែលោកមានរំពឹងខ្ពស់ និងជឿជាក់ថា អត្តពលិកលោកអាចដណ្តើមយកមេដាយបានពីព្រឹត្តិការណ៍នេះបាន។

កីឡាករការិនី៩រូប ដែលសហព័ន្ធបញ្ជូនទៅចូលរួមព្រឹត្តិការណ៍ Asian Taekwondo Championships ២០១៨ នៅប្រទេសវៀតណាមនោះ ៧រូបប្រកួតលើវិញ្ញាសាប្រយុទ្ធ ដូចជាកីឡាករ សំយូ ដេត ប្រកួតក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម កីឡាករ នី សុវណ្ណរ័ត្ន ប្រកួតទម្ងន់ក្រោម៥៨គីឡូក្រាម កីឡាករ វ៉ា មិថុនា ប្រកួតទម្ងន់ក្រោម៦៣គីឡូក្រាម កីឡាករ ឈុន សុខឡុង ប្រកួតទម្ងន់ក្រោម៦៨គីឡូក្រាម កីឡាការិនី អ៊ុន ពេជ្រចរណៃ ប្រកួតទម្ងន់ក្រោម៤៩គីឡូក្រាម កីឡាការិនី ថេប កាសាន់ទ្រេនីកូល ប្រកួតទម្ងន់ក្រោម៥៧គីឡូក្រាម និងកីឡាការិនី ស៊ន សៀវមី ប្រកួតទម្ងន់៧៣គីឡូក្រាម។ រីឯវិញ្ញាសា សម្តែងកក្តា២រូប មានកីឡាករ ផល សុវណ្ណាត់ និងកីឡាការិនី ស៊ីម រចនា។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Asian Taekwondo Championships ២០១៨ នឹងដំណើរការប្រកួតផ្លូវការ ចាប់ពី២៤ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ មានប្រទេសចូលរួមយ៉ាងតិច៣០ ហើយការប្រកួតនេះ គឺប្រជុំដោយជើងខ្លាំងមកប្រកួត ដើម្បីដកស្រង់បទពិសោធន៍ និងវាស់ស្ទង់សមត្ថភាព ត្រៀមលក្ខណៈចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍អេស៊ានហ្គេម នៅប្រទេសឥណ្តូនេស៊ី នាអំឡុងខែសីហា ឆ្នាំ២០១៨៕