Sevilla ហាលអាវក្រោមថ្វីជើង Bayern Munich នៅវគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ

12-04-2018 2:46pm

បាល់ទាត់ៈ ក្រុម Sevilla បានហាលអាវទៅហើយ ក្រោយលទ្ធផលទាត់ស្មើ០-០ កាលពីថ្ងៃពុធ ល្មមគ្រប់គ្រាន់ជួយឲ្យក្រុម Bayern Munich ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ជាមួយនឹងជ័យជំនះទាំង២ជើង២-១ ក៏ដូចជាធ្វើឲ្យក្តីសង្ឃឹមក្រុមអាល្លឺម៉ង់មួយនេះ ឈ្នះជើងឯកទាំង៣ ក្នុង១រដូវកាលរស់រានឡើងវិញ ។

ក្រុម Bayern Munich ដែលលេងបានលេងការប្រកួតវគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ ជាលើកទី៧ជាប់ៗគ្នានោះ មិនបានលេងដល់កម្រិតកំពូលនោះទេ ប៉ុន្តែពួកគេគ្រប់គ្រងការប្រកួតបានទាំងស្រុង ដោយគូប្រជែងរបស់ខ្លួនកម្រនឹងបង្កការគំរាមកំហែង នៅមុខទីរបស់ពួកគេខ្លាំងណាស់ ។

ក្រុម Bayern Munich ដែលបានឈ្នះជើងឯកទាំង៣លើកចុងក្រោយ កាលពីឆ្នាំ២០១៣ ក្រោមការដឹកនាំរបស់លោក Jupp Heynckes នោះ រកបានគុណសម្បត្តិ២-១ ពីការប្រកួតជើងទី១កាលពីសប្តាហ៍មុន ហើយបានឆ្លងផុតដល់វគ្គពាក់ណ្តាលផ្តាច់ព្រ័ត្រ ក្រោយហាលអាវរយៈពេល៤រដូវកាលចុងក្រោយនេះ ដោយសារតែក្រុមអេស្ប៉ាញ ។

ក្រុម Sevilla បានបញ្ចប់ការប្រកួតមានគ្នាត្រឹម១០នាក់ប៉ុណ្ណោះ ក្រោយការកីឡាករ of Joaquin Correa ត្រូវបានអាជ្ញាកណ្តាលបណ្តេញចេញពីការប្រកួតនៅម៉ោងបញ្ចប់ការប្រកួត សម្រាប់កំហុសមកលើកីឡាករ Javi Martinez៕