មន្រ្តីជាន់ខ្ពស់កាយសម្ព័ន្ធ មានជំនឿថា ការបង្ហាញវត្តមានស៊ីហ្គេម នៅហ្វីលីពីន អត្តពលិកខ្លួននឹងទទួលបានលទ្ធផលល្អ

12-04-2018 2:28pm

ភ្នំពេញៈ អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា មានជំនឿជឿជាក់ថា ការបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម នៅប្រទេសហ្វីលីពីន អត្តពលិកខ្លួននឹងទទួលលទ្ធផលល្អប្រសើរ ជាងស៊ីហ្គេមនៅម៉ាឡេស៊ី ។

លោក ណយ ផាន់ណា អគ្គលេខាធិការ សហព័ន្ធកាយសម្ព័ន្ធកម្ពុជា បានថ្លែងប្រាប់អ្នកព័ត៌មានកីឡា នៅទីលានហ្វឹកហាត់ ក្នុងពហុកីឡាដ្ឋានជាតិ កាលពីរសៀលម្សិលមិញថា ការបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន នាឆ្នាំ២០១៩ខាងមុខនេះ លោក មានជំនឿជឿជាក់ថា អត្តពលិកកីឡាកាយសម្ព័ន្ធកម្ពុជា និងទទួលបាននូវលទ្ធផលល្អប្រសើរ ជាងស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១៧ ។

លោកថា កក្តាដែលធ្វើឲ្យលោកមានការជឿជាក់ខ្លាំងលើលទ្ធផលនូវពេលនោះ ដ្បិតសហព័ន្ធដែលមានលោក ថោង ខុន ជាប្រធាន បានដាក់ចេញនូវយុទ្ធសាស្រ្តច្បាស់លាស់ លើការបណ្តុះបណ្តាលអត្តពលិកវ័យក្មេង ទាំងផែនការហ្វឹកហាត់នៅក្នុងស្រុក និងការបញ្ជូនអត្តពលិកទៅហ្វឹកហាត់បំប៉នសមត្ថភាពនៅក្រៅប្រទេស ក្នុងដំណើរឆ្ពោះទៅរកជោគជ័យស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ដូច្នោះ ការអភិវឌ្ឍសមត្ថភាព តាមរយៈយុទ្ធសាស្រ្តបណ្តុះបណ្តាលទាំងអស់នេះ អាចជួយឲ្យអត្តពលិកកាយសម្ព័ន្ធកម្ពុជា មានសមត្ថភាពខ្ពស់ ក្នុងការប្រជែងជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ធ្វើឲ្យលទ្ធផលនឹងល្អប្រសើរ ជាងមុនជាក់ជាមិនខាន ។

លោកអគ្គលេខាធិការរូបនេះ អះអាងថា ដើមឆ្នាំ២០១៩ មុនព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេសហ្វីលីពីន សហព័ន្ធគ្រោងបញ្ជូនអត្តពលិកវ័យក្មេង ដែលប្រកួតលើវិញ្ញាសាអាជីស្ទីក ទៅហ្វឹកហាត់នៅសាធារណៈប្រជាម៉ានិតចិន ចំនួន៣រូប រយៈប្រមាណជា៨ខែ ដើម្បីបំប៉ន់សមត្ថភាព ខណៈដែលវិញ្ញាសាអេរ៉ូប៊ីកហ្វឹកហាត់ត្រៀម នៅកម្ពុជា ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ ដែលប្រទេសហ្វីលីពីនធ្វើម្ចាស់ផ្ទះ នាឆ្នាំ២០១៩ កម្ពុជា គ្រោងបញ្ជូន២វិញ្ញាសាទៅចូលរួម សរុប៨រូប ក្នុងនោះវិញ្ញាសាអាជីកស្ទីក៣រូប និងវិញ្ញាសា អេរ៉ូប៊ីក៥រូប ខណៈវិញ្ញសាមួយនេះ ប្រកួតជាក្រុម៕