គ្រាប់បាល់ប៉េណាល់ទីរបស់ Ronaldo ជួយឲ្យ Real Madrid ឆ្លងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League

12-04-2018 2:19pm

បាល់ទាត់ៈ តារាស៊ូពើស្តា និងជាប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo បានបង្ហាញពីភាពស្រេកឃ្លានរបស់គាត់ ក្នុងការស៊ុតបាល់ប៉េណាល់ទី នៅម៉ោងគ្រោះថ្នាក់ ក៏ដូចជាជួយឲ្យក្រុមឡើងការពារជើងឯក Real Madrid ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ Champions League ទាំងព្រលឹងចុងសក់ នៅក្នុងស្ថានភាពដ៏វិសេសវិសាលមួយ ស្របពេលដែលពួកគេបរាជ័យ១-៣ ជាមួយក្រុម Juventus កាលពីថ្ងៃពុធ ប៉ុន្តែបានឈ្នះការប្រកួតទាំង២ជើង ក្នុងលទ្ធផល៤-៣ ។

ក្រុម Juventus បានបង្ហាញទម្រង់លេងដ៏អស្ចារ្យរបស់ខ្លួន នៅក្នុងទឹកដី Santiago Bernabeu ហើយស្ទើតែធ្វើឲ្យការប្រកួតបន្តដល់ម៉ោងបន្ថែម២ដងទៅហើយ ក្រោយកីឡាករ Mario Mandzukic រកបាន២គ្រាប់ក្នុងតង់ទី១ ហើយកីឡាករ Blaise Matuidi បន្ថែមគ្រាប់បាល់ទី៣ ក្រោយលេងបាន១ម៉ោង ។

គ្រាប់បាល់ទាំងនេះ បានលប់ចោលគ្រាប់បាល់នាំមុខ៣-០ របស់ក្រុម Real Madrid នៅក្នុងទីក្រុង Turin កាលពីពេល១សប្តាហ៍មុន ប៉ុន្តែកីឡាករ Lucas Vazquez បានឈ្នះគ្រាប់បាល់ប៉េណាល់ទីជម្លោះនៅម៉ោងគ្រោះថ្នាក់ ហើយអ្នកចាំទី Gianluigi Buffon និងជាប្រធានក្រុម Juventus ទទួលបានកាតក្រហម សម្រាប់ការច្រានអាជ្ញាកណ្តាល អង់គ្លេស Michael Oliver ពេលដែលគាត់បញ្ចេញកំហឹងរបស់គាត់ ចំពោះការសម្រេចចិត្តមួយនេះ ។

អ្នកចាំទីជើងចាស់ម្នាក់នេះ ដែលគ្រោងនឹងចាកចេញពីក្លិប Juventus នាដំណាច់រដូវកាលនេះ បានដើរចេញពីការប្រកួត ដោយក្តីខកចិត្តជាទីបំផុត និងទំនងវាជាឱកាសលេងចុងក្រោយនៅ Champions League ក្នុងអាជីពបាល់ទាត់របស់គាត់ផងដែរ៕