ភូមា ទទួលបានចំណូលជាង១ពាន់លានដុល្លារ ពីការនាំចេញអង្ករទៅបរទេស

18-08-2018 10:30am

រ៉ងហ្គូនៈ ប្រទេសមីយ៉ាន់ម៉ា ឬហៅថា ភូមា បានទទួលចំណូលជាង១,១១ពាន់លានដុល្លារអាមេរិក ពីការនាំចេញអង្ករ និងអង្ករសម្រូប ដែលជាផលិតកសិកម្មដ៏សំខាន់មួយសម្រាប់ឆ្នាំសារពើពន្ធ២០១៧-២០១៨ ដែលបញ្ចប់ត្រឹមចុងខែមីនា។ នេះបើយោងសហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ា បានឲ្យដឹងកាលពីថ្ងៃសៅរ៍។

ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នំា២០១៨ សរុបមានអង្ករ ចំនួន២,៨៩លានតោន និងអង្ករសម្រូប ចំនួន៦២០.៦៩៦តោន ត្រូវបាននាំចេញទៅកាន់បណ្តាប្រទេសនានាក្នុងសកលលោក តាមរយៈច្រកព្រំដែន និងផ្លូវសមុទ្រ។

នៅក្នុងប៉ុន្មានឆ្នាំជាប់គ្នាមកនេះ ប្រទេសភូមា បានធ្វើការនាំចេញអង្ករ ដែលមានទំហំខ្ពស់បំផុត១,៨លានតោន សម្រាប់ឆ្នាំសារពើពន្ធ២០១៤-២០១៥ ហើយ១,៤លានតោន សម្រាប់ឆ្នាំសារពើពន្ធ២០១៥-២០១៦ និង១,៧លានតោន សម្រាប់ឆ្នាំសារពើពន្ធ២០១៦-២០១៧។

ប្រមាណ៦០ភាគរយ នៃការនាំចេញអង្ករ របស់ប្រទេសមីយ៉ាន់ម៉ា ទៅកាន់ប្រទេសជិតខាង មានប្រទេសចិន ដែលសំខាន់តាមច្រកព្រំដែននានា។ ទន្ទឹមនឹងនេះ ក៏មានតម្រូវការសម្រាប់ប្រទេសនៅតំបន់អាស៊ីមួយចំនួន និងបណ្តាប្រទេសជាសមាជិករបស់ EU ថែមទាំងប្រទេសមួយចំនួនទៀត នៅអាហ្វ្រិក៕