ដំណឹងល្អ! Facebook នឹងធ្វើការផ្លាស់ប្តូរ News Feed របស់ខ្លួន ចាប់ពីថ្ងៃស្អែកតទៅ

08-04-2018 8:52am

អង់គ្លេសៈ សារព័ត៌មានរបស់អង់គ្លេស The Mirror បានចុះផ្សាយកាលពីថ្មីៗនេះថា ក្រោយពីមានរឿងអាស្រូវ ពាក់ព័ន្ធនឹងការលួចទិន្នន័យផ្ទាល់ខ្លួន និងពាក់ព័ន្ធនឹងក្រុមហ៊ុនទិន្នន័យផ្នែកនយោបាយសហរដ្ឋអាមេរិក ដែលមានឈ្មោះ Cambridge Analytica រួចមក ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមយក្ស Facebook កំពុងធ្វើការបង្ហាញអំពីទម្រង់ថ្មី ដែលមានឈ្មោះថា News Feed របស់ខ្លួន ក្នុងគោលបំណងដើម្បីលើកកម្ពស់ដល់សិទ្ធិឯកជនរបស់អ្នកប្រើប្រាស់នៅលើគេហទំព័រមួយនេះ។

ចំពោះការផ្លាស់ប្តូរលក្ខណៈ នៃ News Feed នឹងអាចត្រូវបានគេមើលឃើញនៅថ្ងៃចន្ទស្អែកនេះហើយ ដែលវាមានសមត្ថភាពដ៏ពិសេសក្នុងការគ្រប់គ្រងរាល់កម្មវិធីនៅលើទូរស័ព្ទដៃ នៃ Facebook ទាំងអស់។

សម្រាប់ទម្រង់ថ្មីនេះ ក៏មានការសម្គាល់ឲ្យដឹងផ្សេងៗ ក្នុងនោះ រាប់បញ្ចូលទាំងការដកចេញពីការស្វែងរកមិត្តតាមរយៈទូរស័ព្ទរបស់ពួកគេ និងការប្រកាសថា Facebook នឹងធ្វើការលុបចោលនូវកំណត់ហេតុនៃការហៅ និងអត្ថបទដែលមានអាយុកាលលើសពី១ឆ្នាំ របស់អ្នកប្រើប្រាស់ទាំងឡាយទៀតផង។

គេបានដឹងថា ក្រោយពីមានរឿងអាស្រូវ ជុំវិញរឿងរាវរបស់បណ្តាញទំនាក់ទំនងសង្គមយក្សមួយនេះកាលពីពេលថ្មីៗនេះ ក៏មានលេចឮព័ត៌មានថា សូម្បីតែនាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុនដ៏មានប្រជាប្រិយភាពមួយនេះ ក៏សុំលាលែងពីមុខតំណែងផងដែរ៕