ជនបរទេសម្នាក់ សង្ស័យបែកថ្នាំ ដើរចូលដេកក្នុងហាងអ៊ុតសក់ ហៀរទឹកមាត់កក្លាក់

13-03-2018 10:45pm

ភ្នំពេញៈ ជនជាតិអង់គ្លេសម្នាក់សង្ស័យបែកថ្នាំ បែរជាដើរបង្កអុកឡុកតាមផ្ទះប្រជាពលរដ្ឋ ចូលដេកក្នុងហាង អ៊ុតសក់ហៀរទឹកមាត់កក្លាក់ ផ្អើលអស់ម្នីម្នានាំគ្នាចោមរោមមើល នាព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១នេះ នៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រហូតដល់វេលាម៉ោង១២ និង៣០នាទីថ្ងៃដដែល ទើបសមត្ថកិច្ចសម្រេចឃាត់ខ្លួន ប្រគល់ឲ្យការិយាល័យជនបរទេស។

បុរសជាតិជាតិបរទេសខាងលើ ជាជនជាតិអង់គ្លេស អាយុជាង៤០ឆ្នាំ សង្ស័យបែកថ្នាំ ទើបដើររវើរវាយតាមផ្លូវសាធារណៈ ចូលតាមផ្លូវប្រជាពលរដ្ឋ ដេកតាមហាងលក់ដូរ ផ្អើលប្រជាពលរដ្ឋម្តុំផ្សារសុិនជូរី រហូតដល់ថ្ងៃរសៀល ដើរចូលទៅដេកក្នុងហាងកែសម្ភស្ស ក្បែរផ្សារសុិនជូរី ផ្អើលទាំងភ្ញៀវ ទាំងប៉ូលីស ចុះទៅសម្របសម្រួល ជៀសវាងកើតមានបញ្ហាដោយប្រការណាមួយ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា កន្លងមកគេឃើញបុរសជនជាតិបរទេសរូបនេះ ដើរតាមផ្លូវសហព័ន្ធរុស្សី ជួនដើរសុំលុយអ្នកដំណើរតាមផ្លូវ មិនដឹងថាស្នាក់អាស្រ័យនៅទីណា ស្រាប់តែនៅព្រឹកថ្ងៃកើតហេតុ ក៏ដើរមកស្រែកឡូឡា ចូលផ្ទះប្រជាពលរដ្ឋ ចូលដេកតាមហាងលក់ដូរ ហៀរទឹកមាត់កក្លាក់។

ជនខាងលើនេះ គឺសមត្ថកិច្ចមូលដ្ឋានចុះទៅសម្របសម្រួលម្តងរួចហើយ ហើយម្ចាស់ផ្ទះអ្នកលក់ថ្នាំពេទ្យក៏បានឲ្យលុយ រួចគេក៏បានដើរចេញទៅបាត់។ រហូតដល់រសៀលថ្ងៃដដែល ស្រាប់តែជនបរទេសរូបនេះ ដើរមកសារជាថ្មី ចូលទៅដេកលើសាឡុងក្នុងហាងអ៊ុតសក់ កែសម្ភស្ស មុខផ្សារសុិនជូរី ផ្អើលភ្ញៀវភ័យស្លន់ស្លោ ខ្លាចកើតមានបញ្ហា ទើបសមត្ថកិច្ចនាំខ្លួនដឹកតាមរុឺម៉កម៉ូតូទៅប៉ុស្តិ៍ ដើម្បីរង់ចាំប្រគល់ឲ្យការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី មកទទួលយកទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍៕