រយៈពេលជាង១ខែ គណៈកម្មការចម្រុះខេត្តព្រៃវែង ឃាត់រថយន្តកែច្នៃខុសបច្ចេកទេស ចំនួន៥.២០១គ្រឿង

13-03-2018 9:55pm

ព្រៃវែងៈ ដោយអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ឲ្យមានប្រសិទ្ធភាពនោះ កម្លាំងក្រុមគណៈកម្មការចម្រុះខេត្តព្រៃវែង នៅតែបន្តចុះប្រតិបត្តិការដាក់គោលដៅចាប់ឃាត់ត្រួតពិនិត្យរថយន្តធន់ធំ កែច្នៃខុសលក្ខណៈបច្ចេកទេស និងរថយន្តដឹកសំពីងសំពោងលើសច្បាប់កំណត់រយៈពេលជាង១ខែមកនេះ បានសរុបជាង៥ពាន់គ្រឿង។

​លោក ជា មូរ ប្រធានក្រុមទី១ នៃគណៈកម្មការត្រួតពិនិត្យបានឲ្យដឹងថា កាលពីព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុចគោលដៅតាមបណ្តោយផ្លូវជាតិលេខ១១ ស្ថិតក្នុងឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ក្រុមគណកម្មការត្រួតពិនិត្យ បានចុះចល័តនៅតាមគោលដៅផ្លូវជាតិលេខ១, ផ្លូវជាតិលេខ៨ និងផ្លូវជាតិលេខ១១ ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨រហូតដល់ថ្ងៃទី១៣ ខែមីនានេះ គឺធ្វើការត្រួតពិនិត្យចាប់ឃាត់បានរថយន្តធន់ធំចំនួន៥.២០១គ្រឿង។ ក្នុងនោះរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសចំនួន៥០គ្រឿង ដោយក្រុមមន្ត្រីជំនាញធ្វើការកាត់ទ្រុងនៅនឹងកន្លែង ហើយជូនកាលម្ចាស់រថយន្តបានជួលជាងមកកាត់ខ្លួនឯងខ្លះ។ ក្រៅពីនេះ កម្លាំងក៏បានធ្វើការរុះរើរថយន្តដឹកហៀទ្រុង និងដឹកសំពីងសំពោងចំនួន២៤គ្រឿងបន្ថែមទៀត។ ចំណែករថយន្តចំនួន៥.១២៧គ្រឿងទៀត កម្លាំងធ្វើការវាស់វែងគឺត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

មន្ត្រីដដែលបញ្ជាក់ថា ចំពោះរថយន្តដែលខុសលក្ខណៈបច្ចេកទេស និងដឹកហៀទ្រុងសំពីងសំពោងលើសច្បាប់អនុញ្ញាត គឺក្រុមគណៈកម្មការបានធ្វើការណែនាំ អប់រំ និងផាកពិន័យអន្តរកាល ទៅតាមអនុក្រឹតលេខ៤៤។ ហើយការងារនេះ ក្រុមគណៈកម្មការចម្រុះខេត្តព្រៃវែង នឹងរៀបចំដាក់គោលដៅនៅពេលយប់ទៀត ព្រោះថានៅមានរថយន្តធំៗខុសលក្ខណៈបច្ចេកទេសមួយចំនួន គឺមិនបើកបរពេលថ្ងៃទេ គឺបើកនៅពេលយប់ជ្រៅ។

មន្ត្រីខាងលើបន្តថា ការអនុវត្តច្បាប់នេះ នឹងធ្វើឡើងជាបន្តបន្ទាប់ទៀតឲ្យដូចភ្លៀងរលឹម ដូច្នេះក្រុមគណៈកម្មការសូមសំណូមពរទៅដល់បងប្អូនម្ចាស់រថយន្តដែលកែច្នៃខុសលក្ខណៈបច្ចេកទេស និងរថយន្តដឹកសំពីងសំពោងហៀទ្រុងនៅសេសសល់ មេត្តាឆាប់ហៅជាងកាត់ចេញ និងផ្អាកការដឹកជាបន្ទាន់ ហើយចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕