វីវធំហើយ...! ម្ចាស់ក្លិបក្រិក PAOK សម្រុកចូលទីលានប្រកួត ដោយមានកាំភ្លើង សៀតនៅចង្កេះ...

18-08-2018 10:30am

កីឡាៈ កាលពីថ្ងៃចន្ទម្សិលមិញនេះ ការប្រកួតបាល់ទាត់កំពូលក្រិក ត្រូវបានគេព្យួរចោលបណ្តោះអាសន្ន រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពេលដែលម្ចាស់ក្លិប PAOK សម្រុកចូលទីលានប្រកួត ដោយមានកាំភ្លើងសៀតនៅចង្កេះ។

លោក Yiorgos Vassiliadis អនុរដ្ឋមន្រ្តីក្រសួងកីឡាក្រិក បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយមានជំនួបបន្ទាន់នឹងនាយករដ្ឋមន្រ្តីក្រិកលោក Alexis Tsipras ថា យើងបានសម្រេចចិត្តរួចហើយ ដើម្បីព្យួរចោលការប្រកួតបាល់ទាត់កំពូលក្រិកមួយនេះ។

លោក Vassiliadis បានបន្តថា វានឹងមិនអាចចាប់ផ្តើមបានទេ បើគ្មានគម្រោងថ្មីណាមួយត្រូវបានឈានដល់ទេនោះ ហើយបច្ចុប្បន្នរដ្ឋាភិបាលកំពុងទាក់ទងជាមួយសមាគមបាល់ទាត់អឺរ៉ុប UEFA។

បច្ចុប្បន្ន ក្រុមនគរបាល បានចេញដីការួចហើយ ដើម្បីចាប់ខ្លួនម្ចាស់ក្លិប PAOK លោក Ivan Savvidis ដែលជាអ្នកជំនួញកូនកាត់ក្រិក-រុស្ស៊ី ក្រោយពេលដែលលោកបានសម្រុកចូលទីលានប្រកួត អមដោយអង្គរក្ស ដើម្បីតតាំងជាមួយអាជ្ញាកណ្តាល តវ៉ានឹងគ្រាប់បាល់មិនឲ្យនៅនាទី៩០ អំឡុងជំនួប បាល់ទាត់ក្រុមកំពូលតារាងជាមួយក្រុម AEK Athens ៕