បង្ក្រាបរថយន្តដឹងឈើគ្រញូង១គ្រឿង ខណៈ១គ្រឿងទៀត ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ ទើបដឹងថា ឡានដឹកឈើ

13-03-2018 7:18pm

កំពង់ឆ្នាំងៈ ឈើក្រញូង៧១២ដុំ ទម្ងន់១.៤២៤គីឡូក្រាម ដឹកឆ្លងកាត់ខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ធ្វើការឃាត់បាន ខណៈរថយន្តដឹកឈើនេះបែកកង់ទៅមុខលែងរួច។

ការបង្ក្រាបរថយន្តខាងលើនេះ សមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោង៩ និង១នាទីយប់ ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិស្រងាំទេ ឃុំប្រស្និប ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង។

រថយន្តដឹកឈើដែលកម្លាំងកងរាជអាវុធហត្ថបង្ក្រាបបានខាងលើនេះ ម៉ាកកាមរីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2J-7394 បើកបរក្នុងទិសដៅពីជើងទៅត្បូង។ ខណៈដែលមន្ត្រីកងរាជអាវុធហត្ថខេត្ត ចេញល្បាតតាមផ្លូវជាតិលេខ៥ ក៏ប្រទះឃើញរថយន្តនេះដឹកឈើពេញប្រៀប ដោយបែកកង់មុខខាងឆ្វេង និងបានចូលលាក់ខ្លួនពីផ្លូវជាតិចម្ងាយប្រមាណជាង ១៥ម៉ែត្រ។ ភ្លាមៗនោះ សមត្ថកិច្ចក៏បានរាយការណ៍ជូន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងសុំការអនុញ្ញាតិពីព្រះរាជអាជ្ញា ហៅរថយន្តស្ទូចមកស្ទូចយកមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត និងកសាងឯកសារបញ្ជូនទៅសាលាតំបូងខេត្ត រង់ចាំធ្វើការដោះស្រាយតាមនីតិវិធី។

គួបញ្ជាក់ផងដែរថា នៅចំណុចផ្លូវខ្វែងទិសគ្នាជាប់នឹងរបងសាលាខេត្តកំពង់ឆ្នាំង វេលាម៉ោង៩ និង៣៥នាទីយប់ ថ្ងៃដដែល មានរថយន្តដឹកឈើម៉ាកបាឡែន១គ្រឿង បុកគ្នាជាមួយរថយន្តតូយូតាព្រូស បណ្តាលឲ្យប៉ើងខ្ទប់ទៅនឹងដើមគរគីទៅមុខលែងរួច តែមិនបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសនោះឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកត្រួតពិនិត្យវាស់វែង និងនាំយករថយន្តទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។ ចំណែកឈើនៅក្នុងរថយន្ត សមត្ថកិច្ចប្រគល់ឲ្យទៅខាងរដ្ឋបាលព្រៃឈើចាត់ការបន្តតាមច្បាប់៕