អង្គការសហប្រជាជាតិ គ្រោងនឹងធ្វើសន្និសីទកាសែត ស្តីពីវិបត្តិជនជាតិរ៉ូហ៊ីងយ៉ា នៅថ្ងៃអង្គារនេះ

13-03-2018 3:45pm

បង់ក្លាដែសៈ ទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការពារការប្រល័យពូជសាសន៍ លោក អាដាម៉ា ដៀង គ្រោងនឹងធ្វើសន្និសីទកាសែត នៅក្នុងទីក្រុងដាកា ប្រទេសបង់ក្លាដែស នាថ្ងៃអង្គារនេះ បន្ទាប់ពីបានបំពេញទស្សនកិច្ចទៅកាន់ជំរំជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ា នៅទីក្រុង Cox’s Baza ។

គួរឲ្យដឹងថា ត្រឹមរយៈពេល៦ខែដំបូង នៃការបោសសម្អាតពីសំណាក់យោធាសហភាពមីយ៉ាន់ម៉ា ជនជាតិរ៉ូហ៊ីងយ៉ាចំនួន៦៩ម៉ឺននាក់ បានរត់ភៀសខ្លួនចេញពីរដ្ឋារ៉ាឃីន ទៅកាន់ប្រទេសជិតខាងបង់ក្លាដែស ។

ក្រុមអ្នកសង្កេតការសិទ្ធិមនុស្ស និងការរត់ភៀសខ្លួនរបស់ជនជាតិរ៉ូហ៊ីងយ៉ា បានអះអាងថា កងទ័ពមីយ៉ាន់ម៉ា និងក្រុមពុទ្ធសាសនិកនៅរដ្ឋរ៉ាឃីន បានបើកយុទ្ធនាការប្រើប្រាស់អំពើហិង្សា ការចាប់រំលោភ និងការដុតកម្ទេចផ្ទះសម្បែងពួកគេ ចាប់តាំងពីថ្ងៃទី២៥ ខែសីហារហូតមក ។

ប្រទេសមីយ៉ាន់ម៉ា បានអះអាងថា កងទ័ពរបស់ខ្លួនគ្រាន់តែចុះប្រតិបត្តិការបោសសម្អាតក្រុមបះបោរប៉ុណ្ណោះ ដែលជាក្រុមសង្គ្រោះជនជាតិរ៉ូហ៊ីងយ៉ា ឬក្រុមអាសាប៉ុណ្ណោះ នៅរដ្ឋរ៉ាឃីន ដែលពួកគេអះអាងថា គឺជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារមកលើប៉ុស្តិ៍នគរបាល និងកងទ័ព កាលពីខែសីហាកន្លងទៅ៕