កូនសាស្ត្រាចារ្យ ស៊ុយ សារ៉េត ប្ដឹងទារសំណង១២០០លានរៀល

13-03-2018 3:32pm

ភ្នំពេញៈ កូនស្រីលោកសាស្ត្រាចារ្យ ស៊ុយ សារ៉េត បានសម្រេចប្ដឹងក្រុមជនបង្កហិង្សាវាយដំទៅលើឪពុករបស់ខ្លួន បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯក្រៅប្រទេស ដោយទាមទារឲ្យសមត្ថកិច្ចស្វែងរកចាប់ខ្លួនជនបង្ក និងទាមទារសំណងជាទឹកប្រាក់ប្រមាណ១២០០លានរៀល។ នេះបើយោងតាមពាក្យបណ្ដឹងរបស់លោកមេធាវី ឈី សម្បត្តិ មេធាវីការពារក្ដីឲ្យលោក ស៊ុយ សារ៉េត ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ដែលទើបដល់ដៃអ្នកសារព័ត៌មាននាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨។

ក្នុងពាក្យបណ្ដឹងនោះ មេធាវីតំណាងដើមបណ្ដឹង បានទាមទារពីរចំណុច រួមមាន ១/ សុំស្រាវជ្រាវអំពីសាវតារបស់ក្រុមជនបង្ក ដើម្បីស្វែងរកចាប់ខ្លួនឲ្យមកទទួលខុសត្រូវចំពោះអំពើដែលខ្លួនបានប្រព្រឹត្ត ស្របតាមច្បាប់ព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និង២/ សុំទាមទារសំណងជួសជុលការខូចខាត ថ្លៃថ្នាំព្យាបាល ការខាតបង់ពេលវេលា និងសំណងជំងឺចិត្តសរុបចំនួន១,២០០,០០០,០០០ (មួយពាន់ពីររយលាន)រៀល។

គួរបញ្ជាក់ថា កញ្ញា សារ៉េត សុផាធិតា​ពេជ្រ កូនស្រីលោក ស៊ុយ សារ៉េត បានពឹងពាក់លោកមេធាវី ឈី សម្បត្តិ ការពារក្ដីជូនឪពុករបស់ខ្លួន ដែលអះអាងថា បានរងគ្រោះដោយការប្រើអំពើហិង្សាលើលោកសាស្ត្រាចារ្យ កាលល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីលោកបានបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយបើករថយន្តគេចពីការទទួលខុសត្រូវនៅកន្លែងកើតហេតុ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កភាពរំជើបរំជួលយ៉ាងខ្លាំងដល់សង្គមកម្ពុជា៕