អាមេរិក ចាប់យកចំណាប់អារម្មណ៍របស់ក្រុមតាលីបង់ ក្នុងការបញ្ចប់សង្រ្គាមជាង១៦ឆ្នាំ នៅអាហ្វហ្គានីស្ថាន

13-03-2018 3:24pm

អាហ្វហ្គានីស្ថានៈ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ជែមស៍ ម៉ាទីស បាននិយាយអំឡុងដំណើរបំពេញទស្សនកិច្ចឥតបានប្រកាសឲ្យដឹងជាមុនរបស់លោក ទៅកាន់ប្រទេសអាហ្វហ្គានីស្ថានថា សហរដ្ឋអាមេរិក កំពុងតែចាប់យកសញ្ញាចំណាប់អារម្មណ៍ ពីក្រុមឧទ្ទាមតាលីបង់ ក្នុងការស្វែងរកលទ្ធភាព នៃកិច្ចប្រជុំជាមួយរដ្ឋាភិបាលក្រុងកាប៊ុល ដើម្បីបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង១៦ឆ្នាំកន្លងមកនេះ ។

ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក អាស្រាហ្វ ហ្គានី បានផ្តល់កិច្ចប្រជុំដោយគ្មានលក្ខខ័ណ្ឌជាមុន ដល់ក្រុមឧទ្ទាមតាលីបង់ កាលពីខែមុន គឺជាអ្វីដែលក្រុមមន្រ្តីសហរដ្ឋអាមេរិកមើលឃើញថា ជាសំណើរដំណោះស្រាយដ៏សំខាន់មួយ ពីទីក្រុងកាប៊ុល ។

លោក ម៉ាទីន បាននិយាយផងដែរ ពីការចង្អុរបង្ហាញរបស់លោកមួយចំនួន តែលោកមិនបានផ្តល់សេចក្តីលំអិតណាមួយនោះឡើយ ដែលគំនិតទាំងអស់នេះ មានតាំងពីមុនអនុសាសន៍របស់លោក ហ្គានី ទៅទៀត ។

លោក ម៉ាទីស បាននិយាយថា គោលដៅគឺដើម្បីធ្វើឲ្យក្រុមឧទ្ទាមតាលីបង់ជឿជាក់ថា ពួកគេមិនអាចឈ្នះបាននោះទេ ដោយសង្ឃឹមថា វានឹងអាចជំរុញឲ្យពួកគេឆ្ពោះទៅរកការផ្សះផ្សាគ្នា ។

គួរបញ្ជាក់ថា កាលពីមុន សហរដ្ឋអាមេរិកក៏ធ្លាប់បានបង្ហាញក្តីសង្ឃឹមរបស់ពួកគេ ក្នុងការបោសសម្អាតក្រុមចលនាបះបោរមួយនេះ ហើយគេមិនបានដឹងច្បាស់នោះទេថា តើកិច្ចខិតខំថ្មីនេះ អាចនឹងមានទំហំខុសគ្នាច្រើនបែបណា ។

ប្រទេសយូបេកគីស្ថាន គ្រោងនឹងធ្វើជាប្រធានកិច្ចប្រជុំស្វែងរកសន្តិភាព នៅអាហ្វហ្គានីស្ថាន ក្នុងខែនេះ ជាកន្លែងដែលភាគីចូលរួម នឹងអំពាវនាវឲ្យមានជំនួបតទល់រវាងក្រុមជីវពល និងរដ្ឋាភិបាលលោកហ្គានី៕