Roger Federer បោះជំហានឆ្ពោះទៅរកការការពារជើងឯក Indian Wells ក្រោយផ្តួល Filip Krajinovic

18-08-2018 10:30am

វាយតឺន្នីសៈ កីឡាករលំដាប់ថ្នាក់លេខ១ពិភពលោក សញ្ជាតិស្វីស Roger Federer កក់បានកៅអីលេងរបស់ខ្លួន នៅវគ្គ១៦នាក់ចុងក្រោយ ATP Indian Wells Masters ក្រោយពីបានផ្តួលកីឡាករស៊ែប Filip Krajinovic ក្នុងលទ្ធផលពិន្ទុ 6-2, 6-1 កាលពីថ្ងៃចន្ទ ។

កីឡាករ Federer វ័យ៣៦ឆ្នាំ ត្រូវការប្រើពេលត្រឹម៥៨នាទីប៉ុណ្ណោះ ពេលដែលគាត់បានបំបាក់កីឡាករ Krajinovic ជាមួយនឹងទម្រង់លេងយ៉ាងអស្ចារ្យបំផុត ក៏ដូចជាបន្តប្រវត្តិលេងល្អ 14-0ក្នុងរដូវកាលនេះ ។

កីឡាករ Federer ដែលជាកីឡាករឡើងការពារជើងឯក និងព្យាយាមឈ្នះជើងឯកជាប់កំណត់ត្រាជាលើកទី៦ នៅតំបន់វាលខ្សាច់រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក មានសង្ឃឹមខ្ពស់ ក្នុងការសម្រេចក្តីស្រម៉ៃមួយនេះ ។

សូមបញ្ជាក់ថា កីឡាករ Federer បានឈ្នះជើងឯក២លើករួចមកហើយ នៅក្នុងឆ្នាំ២០១៨នេះ ជាមួយនឹងការប្រកាសជើងឯក Grand Slam ជាលើកទី២០ ក្រោយឈ្នះជើងឯក Australian Open កាលពីខែមករាកន្លងទៅ៕