កីឡាករណាខ្លះ ត្រូវលោក ប្រាក់ សុវណ្ណារ៉ា កោះហៅឲ្យចូលហ្វឹកហាត់ ក្នុងក្រុមជម្រើសជាតិ

13-03-2018 10:09am

បាល់ទាត់ៈ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ក្រោម​ការ​ដឹកនាំ​ពី​សំណាក់​លោក ប្រាក់ សុវណ្ណារ៉ា គ្រោង​ប្រកួត​មិត្តភាព​អន្តរជាតិ​ ជាមួយ​ក្រុម​ជម្រើស​ជាតិ​ឡាវ មុន​ចេញ​វគ្គ​ជម្រុះ​​បិទ​ពូល C នៃ​ពានរង្វាន់​​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី 2019 AFC Asian Cup UAE ជាមួយ​ក្រុម​អាហ្វហ្គានីស្ថាន ចុង​ខែ​មីនា​ ខណៈ​កីឡាករ​២៣នាក់ ​បាន​កោះហៅ​ឲ្យ​ចូល​ក្នុង​ក្រុម​ត្រៀម​ចេញ​ប្រកួត​លើ​ឆាក​អន្តរជាតិ​លើក​នេះ ។

សហព័ន្ធ​កីឡា​បាល់ទាត់​​កម្ពុជា បាន​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ចំនួន​២៣នាក់ ​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​១២ ខែ​មីនា ម្សិលមិញ​នេះ ​​មានដូច​ជា៖​ ប្រាក់ មុន្នីឧត្តម, ចាន់ វឌ្ឍនាកា, កែវ សុខផេង, ធារី ចន្ថាប៊ីន (កំពុង​លេង​នៅ​លីគ​កំពូល​ប្រទេស​ម៉ាឡេស៊ី) សុខ ហៀង (ក្រសួង​ការពារជាតិ) ឆេង ម៉េង និង សុះ ស៊ូហាណា (ណាហ្គាវើល) ហុង ផេង, សេត រ៉ស៊ីប, ស៊ូ យ៉ាទី, ឃួន ឡាបូរ៉ាវី (បឹងកេត) ហួយ ផល្លីន, នេន សុធារដ្ឋ, អោម ឧត្តម, សឿយ វិសាល (ព្រះខ័នរាជស្វាយរៀង) អ៊ន ចាន់ប៉ូលីន, អ៊ុក សុវណ្ណ, សឿត បារាំង, ស៊ិន កក្កដា, យើ សាហ្វី (ភ្នំពេញក្រោន) កែវ សុខសិលា និង​រស់ សំអឿន (វិសាខា) និង ម៉ាត់ នូរ៉ុណ (អគ្គីសនីកម្ពុជា) ។

តាម​​គម្រោង​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ប្រកួត​២លើកនៅ​ដើម​ឆ្នាំ​២០១៨នេះ​ ដោយ​ប្រកួត​​មិត្តភាព​អន្តរជាតិ ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ឡាវ នៅ​ថ្ងៃ​ទី២១ ​ខែ​មីនា ឆ្នាំ​២០១៨ ហើយ​នៅ​ថ្ងៃ​​ទី២៧ ខែ​មីនា ឆ្នាំ​២០១៨ ក្រុម​កម្ពុជា ត្រូវ​ចេញ​ទៅ​ប្រកួត​ជាមួយ​ក្រុម​​ជម្រើស​ជាតិ​អាហ្វហ្គានីស្ថាន ក្នុង​ជំនួប​បិទ​ពូល C នៃ​ពានរង្វាន់​ជើង​ឯក​ទ្វីប​អាស៊ី AFC Asian Cup UAE 2019 នៅ​ប្រទេស​តាហ្ស៊ីគីស្ថាន (ទឹកដី​កណ្ដាល)។ ចំណែក​លោក ប្រាក់ សុវណ្ណារ៉ា នឹង​ប្រមូល​ផ្តុំ​កូនក្រុម​​ហ្វឹកហាត់​ចាប់​ពី​ពី​ថ្ងៃ​សៅរ៍ ​ទី​១៧ ខែ​មីនា ចុង​សប្ដាហ៍​នេះ​តទៅ មុន​ការ​ប្រកួត​មក​ដល់៕