U16 កម្ពុជា ឈរចំណាត់ថ្នាក់លេខ៨ ក្នុងពានអាស៊ាន-ជប៉ុន ខណៈជើងឯកបានទៅឥណ្ឌូនេស៊ី

18-08-2018 10:30am

បាល់ទាត់ៈ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា​ អាយុក្រោម១៦ឆ្នាំ (U16) ក្រោម​ការ​ដឹកនាំ​ដោយ​លោក​គ្រូ​បង្វឹក Lee Tae Hoon ឈរ​ចំណាត់​ថ្នាក់​លេខ៨ ក្នុង​ចំណោម​ក្រុម​ទាំង​១២ ​ដែល​បាន​ចូលរួម កាល​ពី​ពេល​ថ្មីៗ ក្នុង​ពានរង្វាន់​អាស៊ាន-ជប៉ុន Japan-ASEAN U-16 Football Exchange Programe 2018​ នៅ​ប្រទេស​ជប៉ុន ។

សរុប​លទ្ធផល​ក្រុម​ដែល​ចូលរួម​ទាំង​១២​នេះ ​ឃើញ​ថា​ក្រុម U16 ឥណ្ឌូណេស៊ី ឈ្នះ​ជើង​ឯក​ ខណៈ​ក្រុម​វៀតណាម ជា​ជើង​ឯករង ហើយ​ម្ចាស់​ផ្ទះ​ជប៉ុន ឈរ​លេខ៣ ថៃ ឈរ​លេខ៤​ ស្រប​ពេល​ម៉ាឡេស៊ី ឈរ​លេខ៥ ហើយ​ឡាវ​លេខ៦ សិង្ហបុរី លេខ៧ កម្ពុជា លេខ៨ ប្រ៊ុយណេ លេខ៩ ទីម័រខាងកើត ឈរ​លេខ១០ ក្លិបMiyzaki Selection Team (ជប៉ុន) លេខ១១​ និង​ហ្វីលីពីន ឈរ​លេខ១២។ ពានរង្វាន់ Japan-ASEAN U-16 Football Exchange Programe 2018​ ដែល​ជា​ពានរង្វាន់​មិត្តភាព​សម្រាប់​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍ទាំងអស់ ចំនួន១១ប្រទេស​ បូករួម​ជាមួយ​នឹង​ម្ចាស់ផ្ទះជប៉ុន​ ជា​ការប្រកួតដើម្បីដកស្រង់បច្ចេកទេសគ្នា​។ ពានរង្វាន់​នេះ​រៀបចំ​ចាប់​ពី​ថ្ងៃ​ទី​៨ ដល់​១២ ខែ​មីនា ឆ្នាំ​២០១៨ ។

កីឡាករ​របស់​ក្រុម​កម្ពុជា ចំនួន​​១៨នាក់ ​​ដែល​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​លើក​នេះ ​ក្រោម​ការ​ដឹកនាំ​ពី​សំណាក់​លោក Lee Tae Hoon មាន គី រីណា, ប៊ុនធឿន ប៊ុណ្ណារ៉ុង, ឈឹម ពន្លឺ, ជា សុខម៉េង, ផៃ ម៉េងឆ័ង, តាំង ប៊ុនឆៃ, ថន លីម៉ីញ, រី លាភផេង, ធី លាង, លីន តារាដេវិទ្យ, អ៊ាន ពិសី, សួន ដាវីត, គង់ ភត្រា, សេង សម្បត្តិ, ជូន ស៊ីនទី, ស្រួច ជីវ័ណ្ឌ, តាន់ ប៉ូទី និង នួ ចេនមករា។ លោក​គ្រូ​បង្វឹក​ជនជាតិ​កូរ៉េខាងត្បូង Lee Tae Hoon បាន​​បញ្ជាក់​ថា «ឆ្លងកាត់​ការ​ប្រកួត​នេះ​យើង​បាន​ទទួល​បទពិសោធន៍​កម្រិត​អន្តរជាតិ ​​ដល់​កីឡាករ​របស់​យើង ​ដើម្បី​ពង្រឹង​សមត្ថភាព​បន្ថែម​មុន​ការ​ប្រកួត​ផ្លូវការ​នានា​មក​ដល់» ។

សម្រាប់​ក្រុម​ U16 កម្ពុជា ត្រូវ​ពង្រឹង​បច្ចេកទេសរបស់​ខ្លួន​ ដើម្បី​​ចូលរួម​​ប្រកួត​ពានរង្វាន់ AFF U16 Championship 2018 គ្រោង​ធ្វើ​​ឡើង​នៅទីក្រុង​ហ្សាកាតា ចាប់​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ដល់​ថ្ងៃ​ទី១១ ខែ​សីហា ឆ្នាំ​២០១៨ខាង​មុខ ដោយ​ពូល A មាន វៀតណាម, មីយ៉ាន់ម៉ា, កម្ពុជា, ឥណ្ឌូណេស៊ី, ទីម័រខាងកើត និង​ហ្វីលីពីន ខណៈ​ពូល B មាន​ថៃ ម៉ាឡេស៊ី, ឡាវ, ប្រ៊ុយណេ និង សិង្ហបុរី៕