អេនីហ្សាម ថាបើអស់ពី ថោន នឹងដើរចេញពីសិល្បៈ

12-03-2018 8:28am

កម្សាន្តៈ តារាចម្រៀង អេនីហ្សាម ដែលថមថយប្រជាប្រិយភាព ដោយបាក់យ៉ាងចម្លែកអស់រយៈពេល២ឆ្នាំចុងក្រោយនេះ ធ្វើឲ្យរូបនាងមានភាពសោកស្តាយ ខណៈគ្រាមុនពេលធ្លាក់សន្ទុះកេរ្តិ៍ឈ្មោះ នាងក៏ធ្លាប់រីកចម្រើន។ សាមីខ្លួនបានតាំងចិត្តលាឈប់សិល្បៈ បិទងារជាតារាភ្លាម ប្រសិនបើការប្រឡូកមួយប្រាវចុងក្រោយអត់ដើរទៅមុខ។

តារាចម្រៀង កញ្ញា អេនីហ្សាម បានបង្ហាញវត្តមានសម្តែងនៅក្នុងកម្មវិធីប្រគំតន្ត្រី "ខារ៉ាប៉ាវ" របស់ប៉ុស្តិ៍លេខ៥ កាលពីម្សិលមិញ សហការជាមួយតារាកិត្តិយសមួយចំនួនទៀត ដូចជា ខាន់ ជេមន៍ សួស វីហ្សា ជាដើម។ នាងមានរូបសម្ផស្សប្លែកខុសពីមុនឆ្ងាយណាស់ ដោយបែកសាច់ធាត់ទ្រលុកទ្រលន់តែម្តង ឡើងបឿធ្វើឲ្យក្លាយជាការចាប់អារម្មណ៍។

អេនីហ្សាម បានរអ៊ូថា មិនដឹងជាមានវិធីសាស្ត្រណា ធ្វើឲ្យស្រកគីឡូទេ ព្រោះខ្លួនមិនសូវជាហូបអីក៏ឡើងគីឡូស្រឺតៗ ទប់មិនជាប់។ នាងថា ពីមុននាងទម្ងន់៤៧ តែពេលនេះ៥៧គីឡូ ពិតជាចម្លែក។

ងាកមក ការងារសិល្បៈ ទើបតែហក់មកប្រឡូកវិញ ថោន ក៏មានបទចម្រៀងឲ្យនាងថតច្រៀង លក់នៅលើទីផ្សារហើយ។ នាងអះអាងថា ម្តងនេះ ខំសាងស្នាដៃឲ្យល្អទាំងសំឡេង និងការហាត់រាំបញ្ចេញក្បាច់ជាមួយក្រុម។ ប៉ុន្តែប្រសិនបើមិនដើរទៅមុខ ឬអស់កន្លែងច្រៀងក្នុងផលិតកម្ម ថោន សិល្បៈរបស់នាង នឹងបិទលែងទទួល ពោល គឺលាឈប់។

នាងលើកឡើងថា បើនៅតែប៉ុណ្ណឹង មានតែឈប់ល្អជាង ស្របពេលតារាជាច្រើន ប៉ែងជើងគ្នាដែរនោះ ទុកឲ្យគេចុះ។ នាងប្រហែលជាងាកទៅបង្កើតមុខរបរក្រៅសិល្បៈសាមញ្ញ ពោល គឺជាអ្នករកស៊ីសមល្មមមួយ គ្រាន់តែរស់ គឺពេញចិត្ត៕