តារា២ដួង ចេញមុខឈឺឆ្អាល ក្រោយបណ្ឌិតបើករថយន្តបុករះ មិនព្រមឈប់ដោះស្រាយ ត្រូវពលរដ្ឋស្វាគមន៍យ៉ាងចាស់ដៃ

18-08-2018 10:30am

ភ្នំពេញៈ បន្ទាប់ពីកើតហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កជាអំពើហិង្សាវាយអ្នកបើករថយន្តបង្ក ដែលជាបណ្ឌិតសាស្ត្រាចារ្យឲ្យរងរបួសធ្ងន់ធ្ងរ ធ្វើឲ្យផ្អើលអស់ទីក្រុងកាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញហើយនោះ មហាជនកំពុងបញ្ចេញមតិផ្សេងៗ។ ជាក់ស្ដែង តារា២ដួង ដោយទប់កម្ដៅចិត្តចំពោះការប្រើហិង្សាពីសំណាក់ប្រជាពលរដ្ឋមិនបាន ក៏បញ្ចេញសារមតិយល់ឃើញរៀងៗខ្លួន ដោយចិត្តខ្លោចផ្សារបំផុត។

ដំបូងឡើយមានការផ្សាយថា ជនបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ជាជនជាតិចិន ប៉ុន្តែក្រោយមកទើបដឹងថា ជនបង្កជាបណ្ឌិត ស៊ុយ សារ៉េត សាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យកម្ពុជា។ លោកបណ្ឌិត ស៊ុយ សារ៉េត ត្រូវប្រជាពលរដ្ឋព្រួតវាយយ៉ាងចាស់ដៃ បណ្ដាលឲ្យរបួសធ្ងន់ធ្ងរ បន្ទាប់ពីបើករថយន្តបុករះ បណ្ដាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ ហើយមិនឈប់ដោះស្រាយ។ យ៉ាងណា ដោយសារសភាពរងរបួសធ្ងន់ធ្ងរពេក លោកបណ្ឌិតសាស្ត្រាចារ្យរូបនេះ ត្រូវក្រុមបញ្ជូនទៅប្រទេសវៀតណាម ដើម្បីសង្គ្រោះអាយុជីវិត។

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយលោកសាស្ត្រាចារ្យខាងលើ តារាសម្ដែង និងចម្រៀង២ដួង អ្នកនាង ទូច ស្រីល័ក្ឋណ៍ និងលោក នរៈ សិរីវិទ្យា បានបង្ហាញអារម្មណ៍ក្ដុកក្ដួលបំផុត ចំពោះហេតុការណ៍ប្រើហិង្សា ធ្វើឲ្យជនបង្ករងរបួសប៊ិះបាត់បង់ជីវិតនៅកន្លែងកើតហេតុ។

អ្នកនាង ទូច ស្រីលក្ខណ៍ សរសេរលើហ្វេសប៊ុកផ្ទាល់ខ្លួនថា "ឱពុទ្ធោអើយ ហេតុអីក៏ដូចច្នេះលោក ប្រទេសមានច្បាស់ បើគាត់បើកឡានរត់ គឺខុសហើយ តែហេតុអីក៏អស់លោកប្រជាជនមួយចំនួនធ្វើអញ្ចឹងដាក់គាត់ ចុះបើអស់លោកដែរវ៉ៃគាត់វ៉ៃប៉ះចំឪពុករឺក៏ក្រុមគ្រួសារយើងរឺក៏អ៊ុរឺពូរបស់យើង តើអស់លោកប្រជាជនមួយចំនួនដែរវ៉ៃគាត់និងតើមានអារម្មណ៍បែបណា? បើគាត់ឈប់ហើយចុះយើងនិងជាប្រជាជនដែរ៉ៃមិនព្រមរកសមត្ថកិច្ចឲ្យជួយធ្វើអន្តរាគមន៍ ហើយឃាត់ខ្លួនគាត់ទុកដើម្បីអោយគាត់ដោះស្រាយទៅលើជនរងគ្រោះ ហើយទៅតាមនិតិច្បាស់ ចុះបើអស់លោកមួយចំនួនដែរវ៉ៃប្រើអំពើហឹង្សារទៅលើកគាត់ដោយមិនសួរហេតុផង ហើយមិនស្តាប់និងការបកស្រាយរបស់ជនបង្ករ? តើអស់លោកធ្វើម៉េចនិងយល់? តិចប្រយ័ត្តថ្ងៃណាមួយអស់លោកមួយចំនួនដែរវ៉ៃគេដោយគ្មានហេតុផលប្រយ័ត្តវ៉ៃប៉ះបងប្អូនយើងតើលោកគិតយ៉ាងណា? ជនរង់គ្រោះគ្មានវត្តមានជនបង្ករទទួលខុសត្រូវ អ្នកដែរត្រូវដោះស្រាយអោយជនរងគ្រោះ ឥឡូវត្រូវរង់របួសធ្ងន់ដោយសារប្រជាជនមួយចំនួនមិនសួរវ៉ៃដោយគ្មានហេតុផង មិនដឹងថាង់ជនបង្ករស្លាប់រឺមួយក៏រស់ទេ"

ចំណែក តារាសម្តែងលោក នរៈ សិរីវិទ្យា ដោយបានតាមដានរឿងនេះដែរ ក៏ទប់ចិត្តនឹកខកចិត្តរហូតទ្រាំមិនបាន លើកសរសេររំសាយយោបល់ លើបណ្តាញសង្គមរបស់ខ្លួនថា "មើលហើយទ្រាំមិននិយាយមិនបាន ខ្ញុំគិតថា ដោយសារតែទំលាប់អាក្រក់ និងអំពើដ៏ឃោឃៅបែបនេះហើយ បានជាយូរៗទៅអ្នកបង្ករគ្រោះថ្នាក់លែងហាននៅដោះស្រាយ ទើបត្រូវតែបង្ខំចិត្តគេចចេញសិន រហូតបង្ករអោយមានគ្រោះថ្នាក់បន្តរបន្តាប់ មិនមែនកាន់ជើងទេតែសូមគិតមើលទៅ.."

គួរជម្រាបថា លោកបណ្ឌិត ស៊ុយ សារ៉េត កាលពីម៉ោងជាង៥ល្ងាច ថ្ងៃអាទិត្យម្សិលមិញ បានបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយបើករថយន្តម៉ាក ហ្គិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AP-9719 បុករះកន្លែងប៉ូមកង់ម៉ូតូឡាន បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់២នាក់ (អាចដល់ស្លាប់) ប៉ុន្តែភ្លាមៗ លោកបណ្ឌិតមិនឈប់ដោះស្រាយឡើយ ដោយព្យាយាមបើករថយន្តគេចខ្លួនពីកន្លែងកើតហេតុ។

ពេលនោះ បងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍ បាននាំគ្នាដេញតាមឃាត់រថយន្តបង្ក ខណៈដែលរថយន្តបានព្យាយាមបើករត់គេចពេញរាជធានីភ្នំពេញ ដោយបើករត់ជុំវិញរង្វង់មូលវត្តភ្នំ ក្រឡឹកផ្សារធំថ្មី ឡើងមកស្តុបណានជីង សំដៅមកស្តុបនាងគង្ហីង ហើយបានបុករះប្រជាពលរដ្ឋធ្វើដំណើរជាហូរហែ រហូតដល់ចំណុចផ្លូវ២៦៥ កែងផ្លូវ១៥៦ ទើបរថយន្តបែកកង់ទៅមុខលែងរួច ត្រូវបានប្រជាពលរដ្ឋវាយកម្ទេចរថយន្ត និងម្ចាស់រថយន្ត បណ្ដាលឲ្យរងរបួសធ្ងន់។ ប៉ុន្តែក៏សំណាងល្អរបស់ម្ចាស់រថយន្តបង្ក ព្រោះខណៈនោះ កម្លាំងសមត្ថកិច្ចបានចុះជួយអន្តរាគមន៍ និងទាក់ទងរថយន្តសង្គ្រោះបន្ទាន់យកទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗតែម្ដង៕