អង្គការអាដហុក ៖ ទំនាស់ដីធ្លីនៅស្រុកស្នួល នឹងមានការបើកអង្កេត ខណៈពលរដ្ឋថា ស្លាប់ អាជ្ញាធរថា អត់

09-03-2018 12:35pm

ក្រចេះ៖ រហូតមកទល់នឹងពេលនេះ មិនទាន់មានលទ្ធផលជាក់លាក់ពីអង្គការសង្គមស៊ីវិលនៅឡើយទេ ពាក់ព័ន្ធនឹងទំនាស់ដីធ្លី នៅស្រុកស្នួល ខេត្តក្រចេះ ហើយលទ្ធផលនេះ នឹងត្រូវបើកអង្កេតឆាប់ៗ ដើម្បីឲ្យមហាជនដឹងកាន់តែច្បាស់ ខណៈពលរដ្ឋអះអាងថា មានមនុស្សស្លាប់ និងរបួសជាច្រើននាក់ ប៉ុន្តែអាជ្ញាធរបានបដិសេធថា មិនមានអ្នកស្លាប់។

អ្នកនាំពាក្យអង្គការអាដហុក លោក សឺន សែនករុណា បាននិយាយថា រហូតមកទល់នឹងព្រឹកថ្ងៃទី៩ មីនានេះ មិនទាន់មានលទ្ធផលជុំវិញទំនាស់ដីធ្លីនៅស្រុកស្នួលនៅឡើយទេថា មានអ្នកស្លាប់ឬអត់ ខណៈពលរដ្ឋថា ផ្សេង អាជ្ញាធរថា ផ្សឹង។

ផ្ដល់បទសម្ភាសន៍ជាមួយអង្គភាពសារព័ត៌មាន CAM POST តាមទូរស័ព្ទ លោក សឺន សែនករុណា “យើងនឹងពិនិត្យមើល ជុំវិញការចាប់ខ្លួនពលរដ្ឋថា ទៅដល់ដៃតុលាការឬយ៉ាងមិច.. ចំពោះការប៉ះទង្គិចគ្នារវាងសមត្ថកិច្ច និងពលរដ្ឋ ដែលមាន​របាយការណ៍ពីរផ្សេងគ្នា ដោយពលរដ្ឋអះអាងថា មានអ្នកស្លាប់ និងសមត្ថកិច្ចអាជ្ញាធរថា គ្មានអ្នកស្លាប់ ខ្ញុំមិនទាន់សន្និដ្ឋានថា នរណាពិត ឬមិនពិតទេ ហើយយើងនឹងពិនិត្យមើល ថាតើព័ត៌មានមួយណាជាក់លាក់ ពីព្រោះពេលកើតហេតុ មិនមានវត្តមានអង្គការអាដហុកនៅទីនោះទេ”

ក្រោយការប៉ះទង្គិចជាង២ម៉ោង កាលពីរសៀលម្សិលមិញ អាជ្ញាធរចេញរបាយការណ៍ថា គ្មានអ្នកស្លាប់ទេ ក្នុងហេតុការណ៍នោះ ពោលត្រឹមរបួស២នាក់ប៉ុណ្ណោះ ចំណែកសមត្ថកិច្ចវិញ គឺរបួសរហូតដល់ទៅ៧នាក់។

អភិបាលស្រុកស្នួលលោក គង់ គឹមនី បានហៅការចាប់ខ្លួនពលរដ្ឋថា គឺជាក្រុមប្រើអំពើហិង្សា​លើសមត្ថកិច្ច​។ លោកបញ្ជាក់ប្រាប់ CAM POST នៅព្រឹកថ្ងៃទី៩ មីនា ២០១៨ នេះថា “យើងមិនឃាត់ពលរដ្ឋទេ តែយើងឃាត់ក្រុមប្រើអំពើហិង្សាលើសមត្ថកិច្ច៨នាក់ ពេលនេះកំពុងសួរនាំ​នៅអធិការដ្ឋាននគរបាលស្រុកស្នួល ហើយយើងមិនទាន់ដឹងថា នឹងត្រូវដោះលែង ឬបញ្ជូនទៅតុលាការនោះទេ ពីព្រោះនេះជានីតិវិធីរបស់នគរបាល”

គួរជម្រាបថា ក្នុងហេតុការណ៍​ប៉ះទង្គិចរវាងពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ បានធ្វើឲ្យមនុស្សជាច្រើននាក់ រងរបួស និងចាប់ខ្លួន បន្ទាប់ពីពលរដ្ឋបានប្រើដំបងដែក កាបិត កាំភ្លើងច្នៃ... គំរាម និង​បិទផ្លូវលេខ៧៦ មិនឲ្យចរាចរឆ្លងកាត់ ក្រោយពីខឹងសម្បារជាមួយនឹងអាជ្ញាធរ រឿងទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ រហូតធ្វើឲ្យអាជ្ញាធរផ្ទុះអាវុធ ដើម្បីបំបែកហ្វូងពួកគាត់ ដោយប្រើរយៈពេលជាង២ម៉ោង នៅចំណុចច្រកចូលក្រុមហ៊ុនកៅស៊ូមេមត់ ក្នុង​ភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃសិទ្ធិនារី ទី៨ មីនា ឆ្នាំ២០១៨៕