របបអាហារត្រឹមត្រូវក្តី តែការទទួលទានអំបិលខ្ពស់ ក៏នៅតែនាំឲ្យកើនឡើងសម្ពាធឈាមដដែល

18-08-2018 10:30am

ក្រុងឡុងដ៏ៈ ទីភ្នាក់ងារ Xinhua បានចុះផ្សាយកាលពីថ្ងៃចន្ទថា ផ្អែកតាមការសិក្សាមួយ បានបង្ហាញ និងបានចុះផ្សាយនៅក្នុងទស្សនាវដ្តី (Hypertension) ដែលបានបង្ហាញថា របបអាហារត្រឹមត្រូវក្តី ក៏នៅតែបង្កផលប៉ះពាល់ ដែលញុំងឲ្យមានសម្ពាធឈាមកើនឡើងខ្ពស់ដដែល នៅពេលទទួលទានអាហារមានអំបិលខ្ពស់នោះ ។

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Imperial College London និងសាកលវិទ្យាល័យ Northwestern បានធ្វើការវិភាគទៅលើរបបអាហាររបស់មនុស្សជាង៤.៦០០នាក់ ដែលមានអាយុចាប់ពី ៤០ដល់៥៩ឆ្នាំ មកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ជប៉ុន និងចិន ។

ពួកគេបានបញ្ជាក់ដោយសង្ខេបថា មនុស្សដែលទទួលទានអំបិលច្រើន មានសម្ពាធឈាមកើនឡើងខ្ពស់ ទោះបីថា ពួកគេមានរបបអាហារត្រឹមត្រូវក៏ដោយ ។

សម្ពាធឈានឡើងខ្ពស់ ត្រូវបានគេជឿជាក់ថា មានមូលហេតុជាច្រើន ក្នុងនោះរួមមាន អាយុ ទម្ងន់ និងការទទួលទានអំបិលច្រើនហួសប្រមាណ ។

កាលពីមុន ក្រុមអ្នកជំនាញជាច្រើនបានជឿជាក់ថា ការទទួលទានផ្លែឈើ និងបន្លែច្រើន អាចជួយទប់ស្កាត់ទៅលើឥទ្ធិពលនៃអំបិលខ្ពស់ ដែលធ្វើឲ្យមានសម្ពាធឈាមកើនឡើង ។

យ៉ាងណាមិញ នៅពេលដែលអាហារទាំងនោះ ធ្វើឲ្យមានការថយចុះមកវិញនូវសម្ពាធឈាម តែអាហារទាំងនោះ មិនប្រឆាំងនឹងឥទ្ធិពលជាអវិជ្ជមាន នៃការទទួលទានអំបិលឡើយ ។ ការស្រាវជ្រាវបានបញ្ជាក់បែបនេះ ។

ការសិក្សាបានរកឃើញថា ការទទួលទានអំបិលជាមធ្យមសម្រាប់នៅអង់គ្លេស គឺមាន៨,៥ក្រាម ស្របពេលនេះ ដែរការទទួលទានអំបិលនៅសហរដ្ឋអាមេរិក គឺ៩,៦ក្រាម នៅចិន១៣,៤ក្រាម និងជប៉ុន១១,៧ក្រាម ។ កម្រិតកំណត់ នៃការទទួលទានអំបិល សម្រាប់មនុស្សពេញវ័យ នៅអង់គ្លេស គឺ៦ក្រាមក្នុងថ្ងៃ ។

ការទទួលអំបិលតិចជាគន្លឹះដ៏ល្អ បើទោះបីជារបបអាហាររបស់អ្នកប្រាកដថា ផ្តល់សុខភាពល្អ និងមានតុល្យ ភាពក៏ដោយ៕