ពិសបង្រ្កាបពិស! វៀតណាម ព្រលែងសត្វមូស ដើម្បីប្រឆាំងនឹងជំងឺគ្រុនឈាម នៅក្នុងទីក្រុងដ៏សំខាន់

07-03-2018 10:48am

ហាណូយៈ​ ទីភ្នាក់ងារ Xinhua បានចុះផ្សាយកាលពីយប់ថ្ងៃទី៦ ខែមីនាថា កាលពីថ្ងៃអង្គារម្សិលមិញនេះ ប្រទេសវៀតណាម បានប្រកាសជាផ្លូវការដោយចាប់ផ្តើមព្រលែងសត្វមូសជាច្រើនដែលមានផ្ទុកបាក់តេរី Wolbachia ដែលជាប្រភេទបាក់តេរីមួយប្រភេទអាចមានសមត្ថភាពទប់ស្កាត់ទៅនឹងសត្វមូលខ្លា (Aedes aegypti)ដែលបានបង្កឲ្យកើតមានជំងឺគ្រុនឈាម ដែលមានន័យថា សត្វមូសទាំងនោះមិន អាចធ្វើការចម្លងវីរុសមកមនុស្សបានតទៅទៀតឡើយ។

សត្វមូសដែលមានផ្ទុកវត្តមាន Wolbachia ត្រូវបានព្រលែងជាលើកដំបូងនៅក្នុងឃុំ Vinh Luong  ស្រុក Nha Trang  ភាគកណ្តាលខេត្ត Khanh Hoa ។

វិទ្យាស្ថានជំងឺឆ្លង និងអនាម័យជាតិ បានឲ្យដឹងថា បន្ទាប់ពីបានធ្វើការព្រលែងជាលើកដំបូងនៅក្នុងឃុំ Vinh Luong  កាលពីថ្ងៃអង្គារ សត្វមូស Wolbachia ប្រមាណ១០០ក្បាល នឹងត្រូវព្រលែងនៅក្នុងសហគមន៍ជារៀងរាល់សប្តាហ៍ នៅក្នុងសប្តាហ៍បន្ទាប់ពី១២ទៅ១៨សប្តាហ៍ ។

កាលពីដំបូង ក្រុមស្រាវជ្រាវមួយមកពីវិទ្យាស្ថាន ដែលមានមូលដ្ឋានៅក្រុងហាណូយ និងក្រុមអ្នកវិទ្យាសាស្ត្រ អូស្ត្រាលី បានធ្វើការបង្កាត់ពូជសត្វមូស Aedes aegypti ជាមួយសត្វមូស Wolbachia ហើយបន្ទាប់មកបានធ្វើការព្រលែងសត្វមូសទាំងនោះ ដោយធ្វើការវិនិច្ឆ័យជាបឋម នៅលើកោះ Tri Nguyen ក្នុងខេត្ត Khanh Hoa ក្នុងឆ្នាំ២០១៣ និងឆ្នាំ២០១៤ ។

ចាប់តាំងពីឆ្នាំ២០១៤មក មិនមានការផ្ទុះជំងឺគ្រុនឈាមឡើយ ដែលត្រូវបានរកឃើញនៅលើកោះនោះ ទន្ទឹមនឹងនេះដែរ នៅខេត្ត Nha Trang និង Khanh Hoa  ត្រូវបានគេរាយការណ៍មកថា មានផ្ទុះជំងឺនេះជាលក្ខណៈទ្រង់ទ្រាយធំ៕