ក្រសួងសុខាភិបាល ប្រកាសថា ជំងឺគ្រុនឈាម អាចនឹងផ្ទុះច្រើន ក្នុងឆ្នាំ២០១៨នេះ

06-03-2018 10:03am

ភ្នំពេញៈ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា ជំងឺគ្រុនឈាមអាចនឹងផ្ទុះសារជាថ្មីម្ដងទៀតក្នុងឆ្នាំ២០១៨នេះ បន្ទាប់ពីការធ្លាក់ចុះអស់រយៈពេល៥ឆ្នាំកន្លងមក នេះបើយោងតាមទិន្ន័យតាមដានក្នុងរយៈពេល៦សប្ដាហ៍ ដើមឆ្នាំ២០១៨នេះ។

លោកវេជ្ជបណ្ឌិត លៀង រិទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធ និងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺគ្រុនចាញ់ នៃក្រសួងសុខាភិបាល បានឲ្យដឹងថា ការកើនឡើងនៃជំងឺគ្រុនឈាមឆ្នាំនេះ គឺដោយសារតែប្រែប្រួលអាកាសធាតុផង និងមួយផ្នែកទៀតដែលសំខាន់ គឺការដល់គម្រប់ឆ្នាំ ដែលជំងឺគ្រុនឈាមអាចនឹងផ្ទុះជាទ្រង់ទ្រាយធំផងដែរ នៅក្នុងប្រទេសកម្ពុជា។

លោកបន្តថា «ទី១. កក្ដាអាកាសធាតុរួមផ្សំនិងដើមឆ្នាំនេះ មានភ្លៀងកក់ខែផង, ទី២. យោងទៅលើធម្មជាតិនៃជំងឺគ្រុនឈាម តែងតែមានការកើនឡើងរៀងរាល់៥-៦ឆ្នាំ ជាការផ្ទុះទ្រង់ទ្រាយធំ ដែលការរាលត្បាតខ្លាំងចុងក្រោយនៅឆ្នាំ២០១២ ចឹងយើងសង្កេតឃើញថា នៅឆ្នាំ២០១៨នេះ បង្ហាញនឹងមានការកើនឡើង និងករណីមួយទៀត យើងសង្កេតឃើញថា ប្រភេទទី២ នៃវិរុសគ្រុនឈាម មានការកើនឡើងតាំងពី២-៣ឆ្នាំកន្លងមក ហើយឆ្នាំចុងក្រោយ ឆ្នាំ២០១៧នេះ មានការកើនឡើងហើយដើរតួនាទីច្រើនជាងវិរុសប្រភេទទី១ ទី៣ ទី៤ ។ តាមបទពិសោធន៍ កន្លងមក មិនថាប្រទេសណាទេ កាលណាជំងឺគ្រុនឈាមប្រភេទី២នេះ មានការកើតឡើង យើងប្រឈមទៅនិងការផ្ទុះ ហើយក៏ពិបាកក្នុងការគ្រប់គ្រងផងដែរ»។

លោកវេជ្ជបណ្ឌិត បានបន្ថែមទៀតថា ដោយសង្កេតតាមទិន្នន័យ និងតាមវិទ្យាសាស្ត្របានបង្ហាញថា វិរុសប្រភេទទី២ មានការកើនឡើងគួឲ្យគាត់សម្គាល់រយៈពេល៤-៥ឆ្នាំកន្លងមកនេះ ដែលអាចបញ្ជាក់បានថា ឆ្នាំនេះជំងឺគ្រុនឈាមនឹងមានការផ្ទុះច្រើនជាងឆ្នាំមុនៗ។

បើយោងទៅលើតាមព្យាករណ៍ ដែលយើងធ្វើតាមលក្ខណៈវិទ្យាសាស្ត្រ ដោយពឹងទៅលើទិន្នន័យ១៥ឆ្នាំកន្លងមកដែលយើងមាន ពឹងទៅលើភ័ស្តតាងផ្សេងៗ ដែលបញ្ជាក់ថា វិរុសដង់ទី២ មានកំណើនកើនច្រើន យោងទៅលើវដ្តនៃជំងឺដែលតែងតែកើត៦ឆ្នាំម្ដង យើងអាចទស្សន៍ទាយថា ឆ្នាំនេះបើមិនផ្ទុះខ្លាំងទេ ក៏ជំងឺគ្រុនឈាមមានការកើតឡើងគួរឲ្យព្រួយបារម្ភ ដែរ យោងទៅលើការគណនា បើតាមការសង្កេតរបស់ខ្ញុំផ្ទាល់ អាចទស្សទាយថា ជំងឺគ្រុនឈាននឹងមានពី១ម៉ឺនទៅ១៦០០០ករណី ក្នុងឆ្នាំនេះ។

គួរបញ្ជាក់ដែរថា ជំងឺគ្រុនឈាមកើតឡើងច្រើន នៅតំបន់ដែលមានមនុស្សរស់នៅច្រើន ហើយខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា ក្រសួងសុខាភិបាលវាយតម្លៃថា មានឱកាសកើតគ្រុនឈាមច្រើនដូចជា ខេត្តបន្ទាយមានជ័យ, សៀមរាប, កំពង់ធំ, កំពង់ចាម, កណ្ដាល, រាជធានីភ្នំពេញ, បាត់ដំបង និងឧត្ដរមានជ័យ ព្រោះខេត្តទាំងអស់នេះ សំបូរទៅដោយប្រជាជនមានការបំលាស់ទីច្រើន ដោយពួកគាត់ពុំមានទីជម្រកពិតប្រាកដ៕