(ខ្សឹប) ចុម! តាមពិតឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា និងឧកញ៉ា សឹង សំអុល ជាអ្នកនៅពីក្រោយមេឈ្មួញឈើធំៗ៣ខេត្ត នៃភូមិភាគឦសាន

01-03-2018 2:32pm

ខ្សឹបៈ ក្រុមឈ្មួញជាច្រើន ដែលស្និទ្ធជាមួយនិងនាយក្តាមប្រៃ បានខ្សឹបមកប្រាប់ឱ្យនាយយើងបានដឹងថា តាមពិតឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា និងឧកញ៉ា សឹង សំអុល គឺជាអ្នកនៅពីក្រោយមេឈ្មួញឈើធំៗ៣ខេត្តនៃភូមិភាគឦសាន ក្នុងការនាំឈើប្រណីតតាមរថយន្តយីឌុកធំៗចេញទៅវៀតណាម ហើយឧកញ៉ាទាំងទ្វេនេះក្លែងខ្លួនធ្វើជាអ្នកប្រកបអាជីវកម្មកសិកម្ម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ចធំៗរហូតដល់នាយករដ្ឋមន្ត្រីផងដែរ។

ប្រភពខាងលើ បានប្រាប់មកនាយ ក្តាមប្រៃ ឱ្យដឹងផងដែរថា កាលពីពេលកន្លងមក បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានខ្លាំងៗឲ្យអាជ្ញាធរ និងសមត្ថកិច្ចខេត្តត្បូងឃ្មុំ ក៏ដូចជាតំបន់ខេត្តភូមិភាគឦសាន ចាត់វិធានការលើឈ្មួញឈើធំៗដូចជា ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា និងឧកញ៉ា សឹង សំអុល រហូតដល់បញ្ចាឲ្យកម្លាំងអាវុធហត្ថបាញ់គម្ទេច រថយន្តដឹកជញ្ជូនឈើ បើហ៊ានល្មើសច្បាប់នោះ បានធ្វើឱ្យលោក ឧកញ៉ាល្បីឈ្មោះរូបនេះ ងៀកទៅប្រកបរបរកសិកម្មដូចជា ធ្វើស្រែ និងចិញ្ចឹមត្រី ជ្រូក មាន់ ទា និងបើកភោជនីយដ្ឋានធំៗ ស្ថានីយប្រេងធំៗ ដើម្បីបន្លំ និងបំភាន់ភ្នែកថាលោកឈប់រកស៊ីឈើហើយ តែធាតុពិតឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា និងឧកញ៉ាស៊ឹង សំអុល គឺជាអ្នកនៅពីក្រោយខ្នងឈ្មួញដទៃទៀតក្នុងការដឹកជញ្ជូនឈើពីខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ចេញទៅវៀតណាម តាមច្រកព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ ក៏ដូចជាច្រកព្រំដែនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ផងដែរ។

ប្រភពខាងលើ បានខ្សឹបឲ្យនាយ ក្តាមប្រៃ បានដឹងទៀតថា ក្រោយពីមានការព្រមានពីសំណាក់ ប្រមុខរាជរដ្ឋាភិបាល លោកឧកញ៉ា លីម ប៊ុណ្ណា ហៅខ្នា បានរក្សាភាពស្ងៀមស្ងាត់មួយរយៈ ដោយមិនដឹកជញ្ជូនឈើចេញទៅវៀតណាមដូចកាលពីមុនទៀតទេ។ហើយលោក ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា បានងៀកទៅប្រកបរបរកសិកម្មវិញ ដើម្បីឲ្យគេមើលឃើញថា គាត់ឈប់ប្រកបរបរដឹកជញ្ជូនឈើចេញទៅវៀតណាមដូចកាលពីមុនទៀតហើយ។

ក្រុមឈ្មួញខាងលើ បានខ្សឹបប្រាប់ឱ្យនាយ ក្រាមប្រៃ បានដឹងយ៉ាងដូច្នេះថា ការបំភាន់ភ្នែករបស់ឧកញ៉ាទាំងពីរខាងលើនេះ មិនអាចលាក់បិតបាំងបានយូនោះទេ ពោលគឺវាបានធ្លាយចេញពីដង្កូវក្នុងសាច់ឯងមកក្រៅ មិនខុសអីពីលោកឧកញ៉ាលាក់តែមុខ គូទនៅកណ្តាលវាលនោះឡើយ។

ប្រភពខាងលើបានប្រាប់នាយ ក្តាមប្រៃ ថា តាមពិតបច្ចុប្បន្នលោកឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា គឺជាអ្នកនៅពីក្រោយខ្នងឈ្មួញដទៃទៀត ក្នុងការដឹកជញ្ជូនឈើពីខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ចេញទៅវៀតណាម តាមច្រកព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ ក៏ដូចជាច្រកព្រំដែនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ផងដែរ។

តាមការបង្ហើបពីឈ្មួញមួយចំនួន បានឲ្យនាយ ក្តាមប្រៃ ឱ្យដឹងបន្តទៀតថា អ្នកដឹកជញ្ជូនឈើចេញពីខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តក្រចេះ ចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ ដូចជាឧកញ៉ា ជ័យ និងមេឈ្មួញ សាន ចយ ជាដើមសុទ្ធតែជាកូនដៃរបស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ធ្វើជាខ្នងបង្អែកយ៉ាងរឹងមាំ។

ប្រភពខាងលើបានឲ្យនាយ ក្តាមប្រៃ ដឹងបន្តទៀតថា ឈ្មួញដែលដឹកជញ្ជូនឈើចេញពីខេត្តមណ្ឌលគិរី ទៅវៀតណាមតាមច្រកព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដូចជាឧកញ៉ា សី, ឧកញ៉ា សឹង សំអុល, ឧកញ៉ា តុប វីដា និងមេឈ្មួញ ស្រេង ម៉េង ហៅម៉េង៣ពូថៅ ជាដើមសុទ្ធតែមានឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ជាខ្នងបង្អែក ដើម្បីការពារមុខរបររបស់ពួកគេ។

តាមរូបភាពខាងក្រៅ គឺឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា បានបញ្ឈប់សកម្មភាពដឹកជញ្ជូនឈើចេញទៅវៀតណាម ហើយងៀកទៅប្រកបរបរកសិកម្ម និងរបរផ្សេងៗទៀតជំនួសវិញ ប៉ុន្តែជាក់ស្ដែងឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា គឺជាអ្នកនៅពីក្រោយខ្នងឈ្មួញឈើដទៃទៀតដែលកំពុងសម្រុកដឹកជញ្ជូនឈើចេញទៅវៀតណាមយ៉ាងគគ្រឹកគគ្រេងតែម្តងនាពេលបច្ចុប្បន្ននេះ។

ពាក់ព័ន្ធនឹងរឿងរ៉ាវកាប់ឈើខុសច្បាប់ និងដឹងយ៉ាងកក្រើកទឹក កក្រើកដី នាពេលកន្លងមកនេះ នាយក្តាមប្រៃ សូមរំលឹកផងដែរថា កន្លងមកសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ព្រមានខ្លាំងៗឲ្យអាជ្ញាធរ និងសមត្ថកិច្ចខេត្តត្បូងឃ្មុំ ចាត់វិធានការលើឈ្មួញឈើធំៗដូចជា ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា និងឧកញ៉ា សឹង សំអុល ជាដើមក៏ប៉ុន្តែមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចខេត្តត្បូងឃ្មុំ ក៏ដូចជាក្រសួង និងស្ថាប័នពាក់ព័ន្ធមិនហ៊ានប៉ះពាល់ក្រុមឧកញ៉ា ដែលជាមេឈ្មួញបំផ្លាញព្រៃឈើទាំងនេះទេ។ ក្នុងពេលនោះឧកញ៉ារូបនេះក៏បានគេចទៅលាក់ខ្លួនពួនអាត្មានៅវៀតណាមមួយរយៈផងដែរ រហូតដល់សភាពការស្ងប់ស្ងាត់ ទើបត្រឡប់វិញ។

ហើយបច្ចុប្បន្នឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ចូលប្រឡូកវិញ គឺជាអ្នកនៅពីក្រោយខ្នងក្រុមឈ្មួញដឹកជញ្ជូនឈើចេញទៅវៀតណាមដោយស្ងប់ស្ងាត់ ចំណែកឧកញ៉ា សឹង សំអុល ក៏កំពុងប្រើប្រាស់រូបភាពកាប់ឈើ និងដឹកជញ្ជូនឈើចេញពីតំបន់ដីព្រៃសម្បទានក្រុមហ៊ុនម៉ាស្ទ័រខេសាន់ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ចេញទៅវៀតណាមយ៉ាងគគ្រឹកគគ្រេងផងដែរ។

ប្រភពខាងលើ បានបញ្ជាក់ថា បញ្ហានេះថា ថ្វីត្បិតបើឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ផ្អាកសកម្មភាពដឹកជញ្ជូនឈើចេញទៅវៀតណាមមួយរយៈពិតមែន ប៉ុន្តែឧកញ៉ារូបនេះ គឺជាអ្នកនៅពីក្រោយខ្នងក្រុមឈ្មួញដទៃទៀត ដែលបន្តសកម្មភាពកាប់ឈើយ៉ាងមហន្តរាយ ហើយដឹកជញ្ជូនឈើចេញទៅវៀតណាមទាំងយប់ទាំងថ្ងៃតែម្តង។

ពាក់ព័ន្ធរឿងរ៉ាវនេះ នាយក្តាមប្រៃ មិនធ្វើការវែកញែក វិភាគអីនោះទេ ពោលគឺទុកនាទីនេះជូនមន្ត្រីស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធចុះ៕