រដ្ឋមន្ត្រីកសិកម្ម ណែនាំ៨ចំណុច ដល់អគ្គនាយកដ្ឋានកៅស៊ូ ដើម្បីអភិវឌ្ឍកៅស៊ូ ក្នុងឆ្នាំ២០១៨

01-03-2018 11:55am

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម បាន​ណែនាំ៨ចំណុចដល់អគ្គនាយកដ្ឋានកៅស៊ូ ដើម្បីអភិវឌ្ឍន៍កៅស៊ូសម្រាប់ការអនុវត្តឲ្យទទួលបានលទ្ធផលល្អៗថែមទៀតនាឆ្នាំ២០១៨។

កាលពីពេលថ្មីៗនេះ​  នៅអគ្គនាយកដ្ឋានកៅស៊ូមានពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០១៨ របស់ អគ្គនាយកដ្ឋានកៅស៊ូ​ លោក​ វេង​ សាខុន​រដ្ឋមន្រ្តីក្រកសិកម្ម​ រក្ខាប្រម៉ាញ់និងនេសាទបានធ្វើការណែនាំបន្ថែមមួយចំនួនជូនអគ្គនាយកដ្ឋានកៅស៊ូទៅគិតគូពិចារណានិងអនុវត្តឲ្យទទួលបានលទ្ធផលល្អៗថែមទៀតនាឆ្នាំ២០១៨។

ទី១-ត្រូវធ្វើបច្ចុប្បន្នភាពផែនការ យុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍកៅស៊ូឱ្យបានសមស្រប។ ដូច្នេះចាំបាច់ត្រូវប្រមូលធាតុចូលឱ្យគ្រប់គ្រាន់ អគ្គនាយកដ្ឋានកៅស៊ូត្រូវចុះពិនិត្យនិងណែនាំទៅដល់ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ឲ្យរៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការគ្រប់គ្រង និងការអនុវត្តប្រចាំខែ ប្រចាំឆ្នាំ រួមនឹងគម្រោងផែនការដាំដុះ និងផែនការអាជីវកម្មប្រចាំឆ្នាំ រួចផ្ញើមកអគ្គនាយកដ្ឋានកៅស៊ូ។ អគ្គនាយកដ្ឋានកៅស៊ូត្រូវសហការជាមួយ ELCs លើការងារបច្ចេកទេសដាំដុះ ការថែទាំ ការយកផល ការកែច្នៃ រួមទាំងការនាំចេញផងដែរឱ្យបានសមស្របតាមលក្ខខណ្ឌបច្ចេកទេសនិងនីតិវិធីជាធរមាន។

ទី២-ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះទីផ្សារនាំចេញផលិតផលកៅស៊ូដោយត្រូវគិតគូរជាចម្បងទៅលើ៖ ទីផ្សារ ជំរុញការធ្វើពិពិធកម្មផលិតផលកៅស៊ូកែច្នៃបឋម ជាប្រភេទផលិតផលជ័រកៅស៊ូខាប់និងកៅស៊ូចំរុះ សិក្សាអំពីតម្រូវការធនធានមនុស្សបម្រើក្នុងវិស័យកៅស៊ូ ត្រូវពិនិត្យឡើងវិញអំពីយន្តការគ្រប់គ្រងមួយឱ្យបានច្បាស់លាស់ចំពោះចម្ការកៅស៊ូកសិឧស្សាហកម្មនិងចម្ការកៅស៊ូគ្រួសារ រួមទាំង រោងចក្រនិងសិប្បកម្មកែច្នៃកៅស៊ូបឋម។

ទី៣-ត្រូវសិក្សាបន្ថែមលើការងារស្រាវជ្រាវបច្ចេកទេស ការពង្រីកទីតាំងស្ថានីយនិងមន្ទីរពិសោធន៍ បង្កើនសមត្ថភាពស្រាវជ្រាវ ផ្សព្វផ្សាយ បង្ហាញនិងផ្ទេរបច្ចេកវិទ្យា។

ទី៤-ត្រូវបន្តជំរុញចងក្រង និងពង្រឹងសហគមន៍កសិករកៅស៊ូគ្រួសារដើម្បីបង្កើតកាលានុវត្តភាពក្នុងការការពារផលប្រយោជន៍របស់កសិករទាំងការដាំដុះ ការយកផល ការកែច្នៃ និងអំណាចនៃការចរចាថ្លៃពេលលក់ផលិតផល។

ទី៥-ត្រូវបន្តកៀរគរនិងទាក់ទាញរកប្រភពហិរញ្ញប្បទាន ឬបច្ចេកវិទ្យាពីដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ដើម្បីអនុវត្តឱ្យសម្រេចបានតាមគោលដៅនៃផែនការយុទ្ធសាស្រ្ត សម្រាប់ការអភិវឌ្ឍកៅស៊ូឱ្យទទួលបានជោគជ័យ។

ទី៦-សិក្សាស្រាវជ្រាវអំពីលទ្ធភាពក្នុងការបង្កើនទិន្នផល ដើម្បីឆ្លើយតបទៅនិងសេចក្តីត្រូវការរបស់ប្រជាជន និងកំណើនសេដ្ឋកិច្ចជាតិ។

ទី៧-ជំរុញសិប្បកម្មកែច្នៃឲ្យកាន់តែជិតសហគមន៍កៅស៊ូគ្រួសារដើម្បីកាត់បន្ថយថ្លៃដើម និងបង្កើនតម្លៃបន្ថែមលើផលិតផល។

ទី៨.អគ្គនាយកដ្ឋាន និងវិទ្យាស្ថានស្រាវជ្រាវកៅស៊ូត្រូវសហការគ្នា ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ដើម្បីជាប្រយោជន៍ក្នុងការអនុវត្តភារកិច្ចឲ្យបានទទួលជោគជ័យ។

ជាមួយគ្នានេះ​លោក ប៉ុល សុខា អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូបានឲ្យដឹងថាផ្ទៃដីដាំសរុបជាង ៤៣ម៉ឺនហតក្នុងនោះប្រហែល ៦៤%ជាដីកៅស៊ូកសិឧស្សាហកម្ម ផ្ទៃដីកៅស៊ូចៀរជ័រ ១៧ម៉ឺនហត។ មានរោងសិប្បកម្មកែច្នៃចំនួន ១៣៩ ផលិតកៅស៊ូស្ងួតបានជាង១៩ ម៉ឺនតោន។

សូមបញ្ជាក់ថា​ ក្នុងឆ្នាំ២០១៧ ប្រាក់ចំណូលលក់ជ័របានរហូតដល់ជិត៣០០លានដុល្លារ ដែលចំណូលនេះពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចក្នុងរង្វង់៧%៕