AFC Cup ៖ បឹងកេត ចាញ់ក្រុមខ្លាំងរបស់ហ្វីលីពីន រហូតដល់ ៩-០ ក្នុងការប្រកួតបើកឆាកពូល F

13-02-2018 8:52pm

បរទេសៈ ក្លិប​បាល់ទាត់​បឹងកេត របស់​កម្ពុជា បាន​បរាជ័យ​យ៉ាង​ធ្ងន់​ ក្នុងការ​ប្រកួត​​បើក​ឆាក​​ប្រចាំ​ពូល F របស់​ខ្លួន​ប្រចាំ​​ពានរង្វាន់ AFC Cup 2018 ដោយ​ថ្វី​ជើង​ម្ចាស់​ស្រុក​ Ceres-Negros របស់ហ្វីលីពីន ក្នុង​លទ្ធផល ៩ទល់០ នា​​ល្ងាច​ថ្ងៃ​​អង្គារ ទី​១៣ ​ខែ​កុម្ភៈ ឆ្នាំ​២០១៨ លើ​ទីលាន​កីឡដ្ឋាន​ Panaad Stadium ក្នុង​ទីក្រុង​ Bacolod City។

គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រុម​ម្ចាស់​ផ្ទះ ​Ceres-Negros​ រកបាន​ដោយ​កីឡាករ​ T. Uesato នៅ​នាទី ​ទី​១៥ ហើយ​កីឡាករ​ Bienve រក​បាន​​នៅ​នាទី​ ទី១៩ ខណៈ ​T. Uesato បន្ថែម​គ្រាប់​បាល់​ទី២​ នៅ​នាទី ទី​២២ ហើយ​កីឡាករ ​Bienve បាន​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​បាន​សម្រេច ​នៅ​នាទី ទី​២៩ និង​កីឡាករ​ J. Porteria បន្ថែម​គ្រាប់​បាល់ទី៥ ​នៅ​នាទី​៣១ ​មុន​ចប់​ការ​ប្រកួត។

ចូល​ដល់​តង់ទី២ កីឡាករ ស៊ុន សុវណ្ណរិទ្ធី បាន​ធ្វើ​ឲ្យ​បាល់​ចូលទី​ខ្លួន​ឯង​នៅ​នាទី​៥៨ ស្រប​ពេល​កីឡាករ​ C. de Murga បន្ថែម​គ្រាប់​បាល់​ទី៥ ​នៅ​នាទី៦៤។ កីឡាករ​ Manuel Ott បាន​រក​គ្រាប់​បាល់​ទី៨ នៅ​នាទី​៨១ និង​កីឡាករ ​J. Porteria បន្ថែម​គ្រាប់​បាល់​ទី៩​នៅ​នាទី​៨៥។

ក្រុម​បឹងកេត ធ្វើ​ដំណើរ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​លើក​នេះ ​មាន​កីឡាករ​១៥​នាក់​ប៉ុណ្ណោះ ដោយ​ត្រូវ​អវត្តមាន​កីឡាករ​សំខាន់ៗ​៣រូប​ រួម​មាន​​កីឡាករ Julius Oiboh, Samuel Ajayi មាន​បញ្ហា​ឯកសារ​ឆ្លងដែន និង​កីឡាករ សេត រ៉ូហ្ស៊ីប មាន​បញ្ហា​របួស។

ក្រោយ​បរាជ័យ​ក្នុង​ថ្ងៃ​បើក​ឆាក​នេះ ​ក្រុម​បឹងកេត នឹង​ធ្វើ​ដំណើរ​មកដល់​មាតុភូមិ​វិញ​នៅ​​ម៉ោង​១ និង៥នាទី​រសៀល ​ថ្ងៃ​សុក្រខាង​មុខនេះ៕