ឃាត់ខ្លួនមុខសញ្ញា ចែកចាយថ្នាំញៀនយ៉ាងសកម្មម្នាក់ ដកហូតកាំភ្លើងខ្លី១ដើម

13-02-2018 8:47pm

តាកែវៈ ជនសង្ស័យជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្មម្នាក់ ត្រូវបានសមត្ថកិច្ចស្រុកត្រាំកក់ឃាត់ខ្លួន កាលពីវេលាម៉ោង៤ និង២០នាទីរសៀល ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។

ដោយមានការចង្អុលបង្ហាញពីឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោកជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ វរសេនីយ៍ទោ ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាភេម បានចុះឆែកឆេរផ្ទះរបស់ឈ្មោះ ទួន ម៉ៅ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្ម។

ក្រោយឆែកឆេរ សមត្ថកិច្ចបានរកឃើញសោរឡាន១, សោរម៉ូតូ១, កាំភ្លើងខ្លី ម៉ាក K 54 មានគ្រាប់ចំនួន១គ្រាប់ រំស្កុត ១ដើម និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕