ទីតាំងហ្គេមបាញ់ត្រី២កន្លែង នៅខណ្ឌចំការមន សមត្ថកិច្ចបិទភ្នែក មិនព្រមចុះបង្ក្រាប

13-02-2018 8:39pm

ភ្នំពេញៈ ទីតាំងល្បែងសុីសងខុសច្បាប់ហ្គេមបាញ់ត្រី២កន្លែង ក្នុងខណ្ឌចំការមន បែរជាកំពុងបើកលេងយ៉ាងរលូន ប្រហែលអាជ្ញាធរមានសមត្ថកិច្ចបិទភ្នែក ទើបមិនព្រមរក្សាទុកមិនបង្ក្រាប។

សូមបញ្ជាក់ថា ទីតាំងទី១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៥ មាត់លូទឹកស្អុយ ក្នុងសង្កាត់ទួលទំពូង១​ មានយីហោ កាហ្វេ 777 និងទីតាំងទី២ នៅតាមបណ្ដោយផ្លូវលេខ១០៣ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពបានឲ្យដឹងថា ទីតាំងល្បែងសុីសងប្រភេទហ្គេមបាញ់ត្រីទាំង២កន្លែងខាងលើនេះ នៅតែបន្តបើកលេងយ៉ាងរលូន បើទោះបីជាពេលថ្មីៗនេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញបានបញ្ជាឲ្យ​អភិបាល​ខណ្ឌ​ទាំង​១២ ចុះបង្ក្រាប​ល្បែងគ្រប់ប្រភេទ​នៅ​ក្នុង​មូល​ដ្ឋានក៏ដោយ ជា​ពិសេស​ល្បែង​ហ្គេម​បាញ់​ត្រី​នេះតែម្ដង។ តែអ្វីគួរឲ្យហួសចិត្តនោះ គឺនៅតែមានទីតាំងហ្គេមបាញ់ត្រី២កន្លែង ក្នុងមូលដ្ឋានខណ្ឌចំការមន នៅតែបន្តបើកលេងយ៉ាងគគ្រឹកគគ្រេងទៀត ដោយមិនខ្វល់ពីច្បាប់បន្តិចសោះឡើយ។

ពាក់ព័ន្ធនឹងបញ្ហានេះ មជ្ឈដ្ឋានទូទៅបានរិះគង់ចំៗទៅលើលោកអភិបាល និងលោកអធិការខណ្ឌចំការមន ថាផ្គើននឹងបញ្ជារបស់អភិបាលរាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋបានសំណូមពរទៅដល់លោក ព្រុំ សំខាន់ អភិបាល នៃ គណៈអភិបាលខណ្ឌចំការមន និងលោក យិន សាន ដែលជាអធិការខណ្ឌចំការមន មេត្តាមានវិធានចំពោះល្បែងសុីសងនៅចំណុចខាងលើនេះផង។

‎ទោះជាយ៉ាងនេះក្តី ភ្នាក់ងារសារព័ត៌មាន Cam Post មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អាជ្ញាធរ​ខណ្ឌ​ចំការមន បាន​នោះ​ទេ តែ​ភ្នាក់​ងារ​យើង ​នឹង​រង់​ចាំ​ការ​បំភ្លឺពី​បញ្ហា​នេះ៕