វៀតណាម កំពុងលាក់ឈើក្នុងចម្ការឧកញ៉ា ឧត្តមសេនីយ៍ គង់ ក្រឹង នៅច្រកភ្នំព្រិច ត្រៀមនាំចេញយប់នេះ

13-02-2018 7:07pm

ក្រចេះ៖​ ពិតជាមានឥទ្ធិពលមែន​ ទោះរដ្ឋាភិបាលហាមឃាត់យ៉ាងណាក៏ដោយ ក៏ឈ្មួញឈើដែលមានឥទ្ធិពលខ្លាំងជាងគេនៅភូមិភាគឦសាន​ ឧកញ៉ា​ ឧត្តមសេនីយ៍​យោធា​ គង់​ ក្រឹង មិនសូវជាចាប់អារម្មណ៍ ឬខ្លបខ្លាចនោះដែរ​។

តាមសេចក្តីរាយការណ៍​ នៅល្ងាចថ្ងៃអង្គារ​ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ​ ឆ្នាំ២០១៨នេះ​ រថយន្តវៀតណាមជាច្រើនគ្រឿង ​ដែលពាក់ស្លាកលេខវៀតណាម សុទ្ធសឹងជាប្រភេទរថយន្តយីឌុប​​ កំពុងលាក់ទុក និងលើកដាក់ឈើក្នុងចម្ការឧកញ៉ា​ គង់​ ក្រឹង​ ស្ថិតក្នុងភូមិសំពោច​ ច្រកភ្នំព្រិច​ ស្ថិតស្នួល​ ខេត្តក្រចេះ​ ហើយឈើទាំងនេះ ឈ្មួញនឹងនាំចេញទៅតាមច្រកវ៉ាលឺ និងច្រកដេ៣​ ឆ្ពោះទៅប្រទេសវៀតណាម​។

អភិបាលស្រុកស្នួល​ លោក​ គង់​ គឹមនី​ នៅវេលាម៉ោង៦ និង៣០នាទី​ល្ងាច ថ្ងៃទី១៣ខែកុម្ភៈ ​នេះ​ បានប្រាប់អង្គភាពសារព័ត៌មាន​ Cam Post ថា​ លោកនឹងចាត់ចែងមន្រ្តីឲ្យចុះមើលរឿងនេះ​ ពីព្រោះលោកទើបតែបញ្ចប់ការប្រជុំសន្និបាត។

លោកបានបញ្ជាក់ថា​ “គ្មានទេ ឡានដឹកឈើ​ ពីព្រោះមន្រ្តីខ្ញុំបានរាយការណ៍បន្ទាប់ពីចុះទៅមើល​ តែខ្ញុំមិនបដិសេធទេ​ កន្លងពិតជាមានមែន​ តែតិចតួចគ្រាន់តែចិញ្ចឹមអ្នកកាសែត​ ខ្លះដាច់បាយខ្លះដាច់ទឹក“។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ លោក​ សាយ​ សំអាល់​ នៅល្ងាចថ្ងៃអង្គារនេះ​ អង្គភាពសារព័ត៌មាន​ Cam Post មិនអាចទំនាក់ទំនងសុំការពន្យល់បានទេ​ ជុំវិញវៀតណាមចូលមកទឹកដីខ្មែរ ដើម្បីដឹកឈើនាំចេញ​ ដោយទូរសព្ទ័ចូល តែមិនមានអ្នកទទួល​។

អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ នាយឧត្តមសេនីយ៍​ សៅ​ សុខា​ នៅល្ងាចថ្ងៃអង្គារនេះ​ មិនអាចសុំការពន្យល់បានទេ​ ប៉ុន្តែលោកធ្លាប់ប្រាប់ Cam Post ថា​ រដ្ឋាភិបាលមិនដែលព្រងើយកន្តើយជុំវិញការបង្រ្កាបបទល្មើសព្រៃឈើទេ​។​

គួរជម្រាបថា​ ថ្មីៗនេះ ​បទល្មើសព្រៃឈើហាក់ឡើងកម្តៅបន្តិចនៅភូមិភាគឦសាន​ ពិសេសគឺខេត្តមណ្ឌលគិរី​ បន្ទាប់ពីមន្រ្តីនគរបាល បានបាញ់សម្លាប់មន្រ្តីការពារព្រៃឈើ៣នាក់​នាពេលកន្លងមកនោះ៕