លោក អាបាស់ ប្រាប់លោក ពូទីន ថា ប៉ាឡេស្ទីន មិនអាចទទួលយកអាមេរិក ជាអ្នកសម្របសម្រួលសន្តិភាពបានទេ

18-08-2018 10:30am

ប៉ាឡេស្ទីនៈ មេដឹកនាំប៉ាឡេស្ទីន លោក ម៉ាមូដ អាបាស់ បាននិយាយប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃច័ន្ទថា លោកមិនអាចទទួលយកមុខនាទីសហរដ្ឋអាមេរិក ជាអ្នកសម្របសម្រួលកិច្ចពិភាក្សា ជាមួយអ៊ីស្រាអែលបានតទៅទៀតទេ ដោយសារតែមានអំពើមិនល្អរបស់ទីក្រុងវ៉ាស៊ីនតោន។

លោក អាបាស់ បាននិយាយប្រាប់លោកពូទីន នៅឯកិច្ចពិភាក្សាក្រុងមូស្កូថា ភាគីប៉ាឡេស្ទីន បានបញ្ជាក់ថា ខ្លួនត្រូវតែបដិសេធន៍មិនចូលរួមកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកនោះឡើយ ពិសេសគឺឋានៈជាអ្នកសម្របសម្រួលសន្តិភាពតែម្តង។

គួរឲ្យដឹងថា លោកអាបាស់ និងប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន បានខឹងសម្បារយ៉ាងខ្លាំងកាលពីខែធ្នូកន្លងទៅ នៅពេលដែលប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានផ្លាស់ប្តូរគោលជំហររាប់ទសវត្សរបស់ខ្លួន ដើម្បីប្រកាសទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹមថាជារដ្ឋធានីរបស់អ៊ីស្រាអែល៕