Eden Hazard ជួយឲ្យ Chelsea ក្លាយជាក្រុមកំពូលទាំង៤ នៅលើតារាង Premier League

18-08-2018 10:30am

បាល់ទាត់ៈ កីឡាករបែលហ្ស៊ិក Eden Hazard រកបាន២គ្រាប់ម្នាក់ឯង និងកីឡាករ Victor Moses រកបាន១គ្រាប់ទៀត ដើម្បីជួយឲ្យក្រុម Chelsea រកបានជ័យជំនះ៣-០ លើក្រុម West Brom នៅការប្រកួត Premier League កាលពីថ្ងៃច័ន្ទ ក៏ដូចជាបញ្ឈប់សំពាធមកលើគ្រូបង្វឹក Antonio Conte បន្ទាប់ពីមានបរាជ័យ២លើក សម្រាប់ក្រុមជើងឯកមួយនេះ។

កីឡាករ Hazard រកបានគ្រាប់បាល់នៅនាទី២៥ មុនពេលលេង one-two ជាមួយកីឡាករជើងថ្មី Olivier Giroud ដែលទម្លុះខ្សែការពារជាច្រើននាក់ មុនពេលដែលបញ្ជូនបាល់ឲ្យកីឡាករបែលហ្ស៊ិកម្នាក់នេះ ស៊ុតបាល់ផុតដៃអ្នកចាំទី Ben Foster ។

កីឡាករ Moses បានបន្ថែមគ្រាប់បាល់ទី២ សម្រាប់ក្រុម Chelsea ក្រោយពេលបណ្តើរបាល់ចូលទៅខាងស្លាប ហើយបញ្ជូនបាល់រាបឲ្យកីឡាករអេស្ប៉ាញ Cesc Fabregas មុនពេលគាត់បញ្ជូនបន្តឲ្យកីឡាករនីហ្សេរីយ៉ាម្នាក់នេះ បំប៉ោងសំណាញ់ទីបានសម្រេច។

គ្រាប់បាល់ទី២របស់កីឡាករ Hazard ដណ្តើមបាន៣ពិន្ទុពេញ ស្របពេលដែលក្រុម Chelseaវិលត្រឡប់មកកាន់តំណែងក្រុមកំពូលទាំង៤វិញនៅ Premier League៕