ព្យុះស៊ីក្លូនហ្គីតា បង្កឲ្យមានទឹកជំនន់ និងភាពវឹកវរ នៅរដ្ឋធានីរបស់ប្រទេសតុងកា

13-02-2018 3:23pm

តុងកាៈ កាលពីព្រឹកថ្ងៃអង្គារនេះ ប្រទេសតុងកា ចាប់ផ្តើមដំណើរការបោសសម្អាត ក្រោយព្យុះស៊ីក្លូនហ្គីតា បានបោកបក់ឆ្លងកាត់ប្រទេសកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិកមួយនេះ កាលពីពាក់កណ្តាលអាធ្រាត្រកន្លងទៅ ធ្វើឲ្យប៉ើងដំបូងផ្ទុះប្រជាពលរដ្ឋ និងបង្កជាទឹកជំនន់។

លោក ហ្គ្រាហាម ខេនណា គឺជាទីប្រឹក្សាអូស្រ្តាលី ប្រចាំនៅការិយាល័យគ្រប់គ្រងការសង្រ្គោះបន្ទាន់ជាតិតុងកា បាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ នៅមិនទាន់មានសេចក្តីរាយការណ៍ ពីអ្នកស្លាប់នោះទេ ដែលបង្កឡើងដោយសារព្យុះប្រភេទទី៤មួយនេះ ដែលបានបោកបក់ក្នុងល្បឿន២០០គីឡូម៉ែត្រក្នុង១ម៉ោង ប៉ុន្តែមានអ្នករងរបួសច្រើនខ្លាំងណាស់ ដែលភាគច្រើននៃពួកគេសុទ្ធតែធ្ងន់ធ្ងរទៀតផង។

ព្យុះនេះដែរ បាននឹងកំពុងធ្វើដំណើរឆ្ពោះទៅកាន់បណ្តាកោះភាគខាងត្បូង នៃប្រទេសហ្វ៊ីជី ស្របពេលដែលមានការព្យាករណ៍ថា វានឹងវិវត្តន៍ទៅជាព្យុះប្រភេទទី៥។

នាយករដ្ឋមន្រ្តីរបស់ហ្វ៊ីជី លោក ហ្វ្រង់ បៃនីម៉ារ៉ាម៉ា បានធ្វើការក្រើនរំឭកដល់អ្នកស្រុកឲ្យត្រៀមខ្លួន សម្រាប់មកដល់របស់ព្យុះមួយនេះ បើទោះបីជាគេរំពឹងថា វានឹងជៀសផុតពីតំបន់ទីប្រជុំដែលមានមនុស្សរស់នៅច្រើនកុះករយ៉ាងណាក្តី៕