បងប្អូនរួមត្រកូលតែមួយ ឈ្នះមេដាយដំបូងគេជូនកម្ពុជា ពីព្រឹត្តិការណ៍អាស៊ី នៅមីយ៉ាន់ម៉ា

13-02-2018 1:26pm

ភ្នំពេញៈ កីឡាការិនីកម្ពុជា ២រូបរួមត្រកូលតែមួយ បាននិវត្តន៍មកកាន់កម្ពុជាវិញហើយ កាលពីយប់ថ្ងៃទី១២ម្សិលមិញនេះ ក្រោយដណ្តើមបានមេដាយពីរគ្រឿង ពីព្រឹត្តិការណ៍ការប្រកួតកីឡាប្រណាំងទោចក្រយាន ជើងឯកអាស៊ី នៅប្រទេសមីយ៉ាន់ម៉ា ។

កីឡាការិនី ហេង ស៊ីវឡាវ បានបំបែកកំណត់ត្រាជាប្រវិត្ថសាស្រ្តលើកទី១ នៃសហព័ន្ធកីឡាប្រណាំងទោចក្រយាន្ត ក្នុងការដណ្តើមមេដាយមាស លើវិញ្ញាសា Individual Time Trail Women Master ដោយមាន២៤ប្រទេសចូលរួម ។ ខណៈកីឡាការិនី ហេង ស៊ីវហ្គិច ក៍ប្រឹងប្រែងធ្វើបានយ៉ាងល្អ ទទួលបានមេដាយប្រាក់ចំនួន១គ្រឿង ផងដែរ។

លោក នុត សាអាន ប្រធានសហព័ន្ធកីឡាប្រណាំងតូចក្រយាន្ត បានចាត់ថា ការឈ្នះមេដាយរបស់ កីឡការិនីកម្ពុជា២រូប ពីព្រឹត្តិការណ៍ កម្រិតអាស៊ីមួយនេះមកជូនកម្ពុជា គឺជាប្រវត្តិ ហើយ លោកថា ការឈ្នះមេដាយលើកនេះ និងធ្វើឲ្យវិស័យកីឡាទោចក្រយានកាន់តែមានប្រជាប្រិយភាពនៅកម្ពុជា និងមានការចូលរួមហ្វឹកហាត់ច្រើនពីកីឡាករវ័យក្មេង។

លោក បញ្ជាក់ថា ក្នុងនាមសហព័ន្ធលោក និងបន្តជំរុញបន្ថែមទៀត ដើម្បីឲ្យសហព័ន្ធមានសក្តានុពលសប្បូដោយធនធានកីឡាករ យកទៅប្រកួតប្រជែងដណ្តើមមេដាយ ពីលើឆាកអន្តរជាតិមកជូនកម្ពុជា។

ហេង ស៊ីវឡាង បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ ដែលប្រណំាងកង់កម្ពុជា បានបង្ហាញទង់ជាតិ ក៍ដូចជាភ្លេងជាតិលើឆាកអន្តរជាតិ ។ បើទោះជាលើកនេះ ខ្លួនធ្វើបានល្អក៍ពិតមែន ប៉ុន្តែកីឡាការិនី រូបនេះ បានបញ្ចាក់ថា និងនៅតែហ្វឹកហាត់ ដើម្បីឲ្យកាន់តែទទួលបានលិទ្ធផលល្អថែមទៀត។

សូមបញ្ចាក់ថា កម្ពុជាបានបញ្ចូនអត្តពលិក៥នាក់ ចូលរួម ក្នុងនោះ កីឡាករ៣នាក់ កីឡាការិនី២នាក់ ជាលិទ្ធផលមានតែកីឡាការិនី២នាក់ប៉ុណ្ណោះ ដែលដណ្តើមបានមេដាយ។

យ៉ាងណាក៍ដោយ ក្រោយការដណ្តើមជោគជ័យមកកាន់សហព័ន្ធខ្លួន នាដើមឆ្នាំ២០១៨នេះ លោក ប្រធានសហព័ន្ធ នុត សាអាន បានធ្វើការដាស់តឿនដើម្បីធ្វើយ៉ាងណាជ្រើសរើសអត្តពលិកវ័យក្មេង ឲ្យបានច្រើនជាដើមទុន ត្រៀមស៊ីហ្គេមនៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនា ឆ្នាំ២០២៣ផងដែរ៕