ជម្រើសជាតិកម្ពុជា ណាត់ឡាវ កម្តៅសាច់ដុំ មុនចេញទៅប្រកួតបិទពូល វគ្គជម្រុះជើងឯកប្រចាំទ្វីប

13-02-2018 12:49pm

បាល់ទាត់ៈ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ​បាន​ណាត់គ្នា​ប្រកួត​មិត្តភាព​អន្តរជាតិ ​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​​ជម្រើស​ជាតិ​ឡាវ នៅ​​ថ្ងៃ​ទី២១ ​ខែ​មីនា ឆ្នាំ​២០១៨ លើ​ទីលាន National Stadium ក្នុង​ទីក្រុង​វវៀងច័ន្ទន៍ មុន​ចេញទៅប្រកួត​វគ្គ​ជម្រុះ​​បិទ​ពូល C នៃ​ពានរង្វាន់​​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី 2019 AFC Asian Cup UAE ជាមួយ​ក្រុម​អាហ្វហ្គានីស្ថាន ចុង​ខែ​មីនា ខាង​មុខ។

ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ប្រាក់ សុវណ្ណារ៉ា ត្រូវ​​ត្រៀម​​ប្រកួត AFC Asian Cup UAE 2019 Qualifiers Final Round Group C ជាមួយ​ជម្រើស​ជាតិ​អាហ្វហ្គានីស្ថាន នៅ​ថ្ងៃទី ២៧ មីនា ២០១៨ នៅ​ប្រទេស​តាគីហ្ស៊ីស្ថាន ពោល​គឺ​៦ថ្ងៃ​ក្រោយ​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ឡាវ។

លោក ប្រាក់ សុវណ្ណារ៉ា ធ្លាប់​ប្រាប់​អ្នកសារព័ត៌មាន​ថា ​​លោក​នឹង​កោះហៅ​កីឡាករ​ប្រមូល​ផ្តុំ​ហ្វឹកហាត់​រយៈពេល១ឬ២​សប្ដាហ៍ ​មុន​ចេញ​ទៅ​ប្រកួត។ លោក​បន្ត​​ថា ​សមសភាព​កីឡាករ​អាច​ថា ​នឹង​​មិន​មាន​ការ​ប្រែប្រួល​ច្រើន​នោះ​ទេ (ដូច​លោក​ជ្រើសរើស​លើកមុន) តែ​ក៏​ត្រូវ​​តាម​ដាន​សកម្មភាព​ប្រកួត​​ក្នុង​លីគ​កំពូល​កម្ពុជា ចាប់​ពី​ដើម​ខែ​មីនា តទៅ​ផង​ដែរ។ លោក​ថា​ការ​ប្រមូល​ផ្តុំ​កីឡាករ​គឺ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា ឬ​ពានរង្វាន់​សម្តេច​តេជោ ខ្លាំង​នោះ​ទេ៕