រថភ្លើងបុកគ្នានៅអូទ្រីស ស្លាប់និងរបួសជាង២០នាក់

13-02-2018 11:58am

វៀនណាៈ ទីភ្នាក់ងារ Xinhua បានចុះផ្សាយព័ត៌មាននៅថ្ងៃទី១៣ ខែកុម្ភៈនេះថា កាលពីថ្ងៃច័ន្ទម្សិលមិញនេះ មានករណីរថភ្លើង២ខ្សែ បានបុកគ្នានៅរដ្ឋ Styria ប្រទេសអូទ្រីស បណ្តាលឲ្យស្លាប់អ្នកដំណើរម្នាក់ និងរបួស ២២នាក់់ផ្សេងទៀត ។

ករណីរថភ្លើងបុកគ្នា គឺបានកើតឡើងនៅក្នុងក្រុង Niklasdorf ជាប់គ្នានឹងក្រុង Leoben នៅពេលថ្ងៃត្រង់ ដោយមិនទាន់ដឹងច្បាស់ថា ដំបូងកើតឡើងដូចម្តេចនោះទេ ។

ផ្អែកតាមការសន្និដ្ឋានបឋម បានបញ្ជាក់ដោយក្រុមអាជ្ញាធរថា រថភ្លើងទាំងពីរខ្សែបានឆ្លងកាត់ផ្លូវគ្នាទៅវិញទៅមក ។ រីឯអ្នករងរបួសទាំងអស់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ក្រោយមានឧប្បតិ្តហេតុនេះកើតឡើង ខ្សែរថភ្លើងធ្វើដំណើរត្រូវបានផ្អាកពេលមួយរយៈ ដោយសារតែក្រុមអាជ្ញាធរ បានចាប់ផ្តើមស៊ើបអង្កេតជាមុនសិនអំពីមូលហេតុដែលបង្កឲ្យគ្រោះថ្នាក់កើតឡើង៕