ចេន សាយចៃ អំពាវនាវឲ្យពលករខ្មែរ នៅកូរ៉េ ចូលរួមទស្សនាការសម្តែងរបស់ខ្លួន

13-02-2018 9:25am

កម្សាន្តៈ កាលពីយប់មិញនេះ "អង្កការខ្ញុំខ្មែរ" បានដឹកនាំក្រុមសិល្បករមួយចំនួន ចេញទៅសម្តែងនៅប្រទេសកូរ៉េ ដើម្បីបម្រើបងប្អូនទស្សនិកជនខ្មែរនៅទីនោះ ដោយការចូលរួមមិនទទួលប្រាក់កម្រៃអ្វីឡើយ ។ ក្នុងចំណោមតារាទៅសម្តែងគេឃើញតារាចម្រៀងសំឡេងរដឺន ចេនសាយចៃ របស់ផលិតកម្មថោនចូលរួមបង្កបរិយាកាសដោយរំពឹងថា និងបន្ថែមភាពរីករាយជូនជនរួមជាតិខ្មែរ ដែលរស់នៅឆ្ងាយពីស្រុក ។

លោក១០គត់ជាប្រធាន"អង្គការខ្ញុំខ្មែរ" បានថ្លែងគោលបំណងរបស់លោក ដែលបានដឹកនាំក្រុមសិល្បករជាច្រើន ក្នុងនោះរួមមានតារាខ្មែរចេញពីថៃទៅផង បូកសរុបប្រមាណជាង៣០នាក់ជាមួយក្រុមការងារ ។ លោកថា ដូចជាមិនគិតខាតឬចំណេញនោះទេ យើងទៅបម្រើប្រិយមិត្តក្នុងន័យសប្បាយជួបជុំគ្នាម្តងក្នុង១ឆ្នាំ ហើយលោកក៍មិនគិតសូម្បីតែបន្តិចថា ចង់ប្រកួតឈ្នះចាញ់ជាមួយគ្នាឯងដែរ ព្រោះអំឡុងពេលនេះតារាចម្រៀងល្បីរបស់កម្ពុជាយើង ក៍មានគេធានាទៅសម្តែងនៅកូរ៉េដែរ ។ ក្រុមរបស់លោកសម្តែងថ្ងៃទី ១៦កុម្ភៈ តែម្តង ហើយក្រៅពីហ្នឹងដូចជានាំតារាៗមិត្តរួមការងារបានដំណើរកម្សាន្តនៅតំបន់ទេសចរណ៍ក្នុងប្រទេសកូរ៉េផងដែរ។ លើសពីនេះ ក៍ទៅក្នុងន័យផ្សព្វផ្សាយភាពយន្តខ្មែររឿង "ចង់ភៅពិសេស" របស់ផលិតកម្ម C2GO ដែលបានសម្រិតសម្រាំងត្រៀមយកទៅបញ្ចាំងមិនគិតលុយនៅកូរ៉េ ជូនបងប្អូនខ្មែរនៅទីនោះអំឡុងខែ៧ ឬខែ៨ខាងមុខ។

ដោយឡែកអ្នកនាង ចេន សាយចៃ បានឲ្យដឹងដែរថា សូមគោរពដល់បងប្អូនជនរួមជាតិខ្មែរនៅប្រទេសកូរ៉េ អញ្ជើញចូលរួមទស្សនាការប្រគំតន្ត្រីរបស់ក្រុមរបស់យើងខ្ញុំដោយក្នុងចិត្តរំពឹងថា មានអ្នកគាំទ្រច្រើន ប៉ុន្តែទោះអ្នកទស្សនាតិចឬច្រើនមិនសំខាន់ឲ្យតែបានមកចូលរួមសប្បាយទាំងអស់គ្នា ព្រោះមិនងាយជួបគ្នានោះទេ នេះជាឱកាសកម្រមួយ៕