ឆៃលី ដាឡែន បង្ហាញមុខកូន ទាំងអាថ៌កំបាំង

13-02-2018 6:21am

កម្សាន្តៈ ក្នុងថ្ងៃខួបកំណើត កាលពីយប់មិញនេះ តារាចម្រៀងយេៗ អ្នកនាង ឆៃលី ដាឡែន បានធ្វើរឿងគួរឲ្យចាប់អារម្មណ៍ នោះគឺការបង្ហាញមុខកូនប្រុសតូចមួយ ដែលសាមីខ្លួនថា ជាកូនបង្កើតដែលនាងបានពពោះ ធ្វើឲ្យមហាជនស្ទើរតែមិនជឿថា នាងមានកូន ខណៈដែលតារារូបនេះកម្របាត់មុខយូរពីសិល្បៈ។

បើទោះជាម្នាក់ៗ នៅមានចម្ងល់យ៉ាងណាក្ដី ប៉ុន្តែការពិតបានបង្ហាញ ដោយសារអ្នកនាង ឆៃលី ដាឡែន អះអាងថា ខ្លួនជាម្ដាយពិតប្រាកដមែន។ ហើយនាងកាន់តែរីកមុខថែមទៀត នៅតែទទួលបានការស្រឡាញ់រាប់អានពីបងប្អូនក្នុងសង្គមសិល្បៈ ដែលមកចូលរួមជាកិត្តិយសក្នុងកម្មវិធីខួបកំណើតរបស់នាងពេញទីតាំង ដោយធ្វើឲ្យសាមីខ្លួនរំភើបតែម្តង។

ឆៃលី ដាឡែន ប្រាប់ថា នាងមិនដឹងថា រកពាក្យបែបណាមកនិយាយនោះទេ តែនាងបញ្ជាក់ថា នាងពិតជាកើតកូនដោយបានឆ្លងកាត់ការពពោះពិតប្រាកដមែន។ នាងថា មាននៅចាំបានទេ អំឡុងនាងធាត់ខ្លាំង គឺពេលនោះហើយ ដែលនាងមានទម្ងន់។ ក្រោយមកទៀត បាត់វត្តមានពីសកម្មភាពសិល្បៈជិត៣ខែ ទើបវិលមកវិញ។ ៣ខែ គឺនាងនៅបាត់ដំបង ព្រោះម្តាយបងប្អូននៅទីនោះ ងាយស្រួលតាមមើលថែ ហើយកូនមួយនេះ នាងយកពីបាត់ដំបង រយៈពេលទើបតែបាន៣ខែជាង។

នាងថា ទោះបីជាបែបណា នេះជាការពិតរបស់នាង ហើយមកពីអំឡុងពេលពពោះ គេថា នាងឡើងសាច់ តែនាងមានផ្ទៃពោះទេ។ អ្វីដែលសំខាន់ គឺរកបានតំណក់ឈាមជាអំណោយនៃចំណងស្នេហ៍ដ៏រឹងមាំ ហើយស្វាមីកាន់តែស្រឡាញ់ពេញចិត្តជាខ្លាំង។ នាងថា នេះជាសេចក្តីសុខរបស់នាង បើទោះជាមានមនុស្សជាច្រើនយល់ថា កូននេះ បានមកពីការសុំគេក៏ដោយចុះ សំខាន់ជាសុភមង្គលក្នុងគ្រួសារ៕