ជុំវិញព័ត៌មាន សូដា នីតា លេបថ្នាំសម្លាប់ខ្លួននៅមិនទាន់ផ្លូវការ ស្របពេល យ៉ែម សំអូន ថាមិនពិត

11-02-2018 12:32pm

ភ្នំពេញៈ សារព័ត៌មានក្នុងស្រុកជាច្រើន បានចុះផ្សាយចំពោះរឿងនេះ ឱ្យដឹងថា មានបុរសម្នាក់ បានដឹកអ្នកនាង សូដា នីតា ចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យព្រះសង្ឃ ដោយធ្វើការលាងក្រពះរួចផុតពីការស្លាប់។

តាមសម្តីរបស់គ្រូពេទ្យប្រចាំនៅទីនោះ បានបញ្ជាក់ថា តារាស្រីរូបនេះបានចូលមន្ទីរពេទ្យនេះពិតមែន ដោយធ្វើការលេងសម្អាតក្រពះចេញ ដើម្បីជួយសង្គ្រោះជាបន្ទាន់។

ក្រុមសាច់ញាតិរបស់នាង ដែលមកមើលនាងនោះ បានទម្លាយថា មូលហេតុដល់ថ្នាក់លេបសម្លាប់ថ្នាំខ្លួនយ៉ាងដូច្នេះ ដោយសារតែនាងខឹងសម្បារនឹងស្វាមីជាខ្លាំង ទើបចង់បញ្ចប់ជីវិត។

សម្រាប់មិត្តសម្លាញ់របស់នាង គឺលោក ញ៉ែម សំអូន បានប្រាប់ទៅកាន់អ្នកសារព័ត៌មានឱ្យដឹងថា ចំពោះករណីអ្នកនាង សូដា នីតា លេបថ្នាំសម្លាប់ខ្លួននោះ មិនមែនជាការពិតឡើយ ដោយ​លោកសូមច្រានចោលទៅវិញ។ លោក យ៉ែម សំអូន និយាយថា សូដា នីតា គ្មានការសម្លាប់ខ្លួននោះទេ ហើយនាងក៏ទើបតែខលមក លោកភ្ញាក់ផ្អើលពីការលើកឡើងមិនពិតនោះដែរ ដោយនាងកំពុងត្រៀមខ្លួនឡើងច្រៀងនៅក្នុងកម្មវិធីរបស់លោកនោះផង។

គួរបញ្ជាក់ផងដែរថា ហេតុផលដែលនាំឲ្យមានការភ្ញាក់ផ្អើលនេះ គឺបន្ទាប់ពីមានការបង្ហោះថា កញ្ញា សូដា នីដា តូចចិត្តស្អិតទ្រូង គិតខ្លីប្រល័យជីវិតខ្លួនឯងដោយការលេបថ្នាំខ្លួន ស្របពេលដែលទូរស័ព្ទរបស់នាង ខលចូលមិនមានអ្នកលើក

Account Facebook ផ្ទាល់ខ្លួនរបស់នាងបង្ហោះមុនភ្ញាក់ផ្អើលថា “មនុស្សរស់នៅរាល់ថ្ងៃ ប្រាថ្នាក្តីសុខ ក្តីស្រលាញ់ ក្តីនឹក ពីមនុស្សដែលស្គាល់ មនុស្សខ្ញុំ ខ្ញុំតែងតែឲ្យពេលវេលា ក្តីស្រលាញ់របស់ខ្ញុំទៅអ្នកដ៏ទៃគ្រប់ៗគ្នា ដែលខ្ញុំស្គាល់, តែគេវិញ គេមិនដែលខ្វល់ខ្វាយពីយើងឡើយ ទោះយើងធ្វើល្អក៏គេមើលរំលង មនុស្សគ្រប់គ្នា គឺគង់នឹងស្លាប់ ចុះពេលនៅរស់មិចក៏មិនធ្វើល្អនឹងគ្នា? មិនឲ្យសេចក្តីសុខឲ្យគ្នាទៅ ចាំបាច់អី មានអ្នកស្លាប់ ហើយម្នាក់និយាយថា ស្តាយក្រោយ ហើយមកនិយាយថា សុំទោសធ្វើអី? តើសុំទោសមនុស្សស្លាប់ វាបានផលប្រយោជន៍អីទៅ? តើអ្នកស្លាប់ អាចងើបមក លើកលែងទោសឲ្យយើងបានទេ? មនុស្សយើងរស់នៅកើតទុក្ខច្រើនជាងសុខ ពេលស្លាប់ទៅ គឺមានតែបុណ្យនឹងបាប ដែលទៅតាមជាមួយកម្មពារ សូមឲ្យបងប្អូនដែលបានអានហើយ រស់នៅគួរចេះលើកលែងឲ្យគ្នាផង! ស្រលាញ់បងប្អូនទាំងអស់គ្នា”។

យ៉ាងណាក៏ដោយផ្អែកតាមការបញ្ជាក់របស់លោក យ៉ែម សំអូន គឺកញ្ញា សូដា នីតា មិនមានបញ្ហានោះឡើយ ខណៈដែលនាងក៏បញ្ជាក់ដូចគ្នា៕