កសិករ១២ខេត្ត ទទួលគម្រោងលើកកម្ពស់ទីផ្សារ កសិកម្មខ្នាតតូច

10-02-2018 9:03pm

ភ្នំពេញៈ កសិករចំនួន១២ខេត្ត បានទទួលគម្រោងលើកកម្ពស់ទីផ្សារកសិកម្មខ្នាតតូច ដែលអាចជួយឲ្យពួកគាត់ចាកផុតពីបន្ទាត់ក្រីក្រ និងអំពើហិង្សាក្នុងជម្លោះសេដ្ឋកិច្ចគ្រួសារ។

លោកស្រី ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា គម្រោងនេះ នឹងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅតាមសហគមន៍របស់ប្រទេសកម្ពុជា បន្ទាប់ពីកសិករមានជំនាញ និងមុខរបរចិញ្ចឹមជីវិត ដែលម្ចាស់ការដោយខ្លួនឯង។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បានបង្ហាញថា តម្រូវការសាច់សត្វកម្ពុជា មាននិន្នាការកើនឡើងខ្ពស់ ស្របពេលប្រាក់ចំណូលប្រជាពលរដ្ឋ និងកំណើនភ្ញៀវទេសចរអន្ដរជាតិកើនឡើង។ តាមការប៉ាន់ប្រមាណ គឺនៅកម្ពុជា មានតម្រូវការសាច់សត្វប្រមាណពី២៩ទៅ៣០ម៉ឺនតោន នៅក្នុង១ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០។

ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការនៃ «គម្រោងលើកកម្ពស់ទីផ្សារ សម្រាប់កសិករខ្នាតតូច» និងការចែករំលែកលទ្ធផលរបាយការណ៍សិក្សា ស្តីពី«ខ្សែចង្វាក់អាជីវកម្មមាន់ស្រែ និងទីផ្សារ» កាលពីរសៀលថ្ងៃទី៩ ខែកុម្ភៈ លោកស្រី កែវ គៀង នាយិកាអង្គការ ហេហ្វឺអន្តរជាតិ ប្រចាំប្រទេសកម្ពុជា ដែលគាំទ្រដល់គម្រោងនេះ បានបញ្ជាក់ថា ខេត្តដែលទទួលបានគម្រោងនេះ មានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ព្រៃវែង ស្វាយរៀង តាកែវ កំពត ព្រះសីហនុ និងកំពង់ស្ពឺ។

លោកស្រីបានលើកឡើងថា គម្រោងលើកកម្ពស់ទីផ្សារសម្រាប់កសិករខ្នាតតូច ដែលផ្តល់ថវិកាដោយអង្គការហេហ្វឺអន្តរជាតិនេះ មានរយៈពេល២៤ខែ ដោយចាប់អនុវត្តនពីខែមករា ឆ្នាំ២០១៨ ដល់ខែមិថុនា ឆ្នាំ២០២១ ដើម្បីបង្កើនប្រាក់ចំណូលដល់គ្រួសារចំនួន៣៥.០០០គ្រួសារ ប្រកបដោយនិរន្តរភាព និងភាពធន់ទ្រាំ តាមរយៈការចិញ្ចឹមមាន់ ដាំបន្លែ និងខ្សែចង្វាក់ផលិតកម្មកសិកម្មផ្សេងទៀត ដែលទ្រទ្រង់ដល់អាហារូបត្ថម្ភ និងកែលម្អបរិស្ថាន តាមរយៈការអនុវត្តន៍កសិកម្មវៃឆ្លាត៕