សោភា ទេពី ដាក់មួយបទធ្វើឲ្យកក្រើក រហូតឈ្នះសំឡេងបោះឆ្នោត

10-02-2018 2:23pm

កម្សាន្តៈ វគ្គ Live Show Cambodia Idol ក្នុង​ចំ​ណោ​ក​បេក្ខជន​បេ​ក្ខ​នារី ដែល​បានបង្ហាញ​សមត្ថភាព សម្រាប់​សប្ដាហ៍​ទី​១ ក្នុង​កម្មវិធី​ Cambodian Idol កាលពី​យប់​ថ្ងៃទី​ ៩កុម្ភៈនេះ គេ​នៅតែ​មើលឃើញថា ​បេ​ក្ខ​នារី ញឹម សួន​សោភា​ទេពី ដែល​គេ​និយម​ហៅថា សោភា ទេពី លេចធ្លោរ​ជាងគេ ជាមួយនឹង​សមត្ថភាព​ច្រៀង​ដ៏​អស្ចារ្យ​របស់​នាង​។​

ចម្រៀង​មួយ​បទ​ចម្រៀង​ចំណងជើង​ថា ​«​បេះដូង​១០០» ដែលជា​ម្ចាស់​ដើម​របស់​កញ្ញា លាង សុ​ផា​ឡែ​ន បេ​ក្ខ​នារី​រូបនេះ​ស្ទើរតែ​ស្រែក​ដាច់ កន្លើត​និង​ពីរោះ​ជាង​ម្ចាស់​ដើម​នោះ​ផង​ ​ទើប​អ្នកទស្សនា​ផ្ទាល់​កញ្ជ្រោល​ទះដៃ​យ៉ាង​កងរំពង​តែម្ដង​ ។​ ក្នុងនោះ​សូម្បីតែ​សមាជិក​គណៈ​​កម្ម​ការ​ទាំង​៤​ក៏​រំជួល​ចិត្តនឹង​ទេពកោសល្យ​របស់​នាង ហើយ​បាន​សរសើរ​មិន​ដាច់​ពី​មាត់​ផងដែរ​។

យ៉ាងណាក្ដី ត្បិតតែ សោភា ទេពី មានឱកាសបានមកដល់វគ្គ «Live Show» ពិតមែន ប៉ុន្តែគេនៅទាន់ដឹងថា នឹងអាចបន្តទៅដល់សប្ដាហ៍ណាទៀតនោះទេ ព្រោះបេក្ខភាពទាំង១២រូប សុទ្ធតែមានទេពកោសល្យ ប្រហាក់ប្រហែលគ្នា តែជាលទ្ធផល សោភា ទេពី ពិតជាមានសមត្ថភាពស្រែកបានល្អ នៅក្នុងបទ «បេះដូង១០០» ដែលជាសំនៀងដើម របស់ លាង សុផាឡែន ត្រូវបានគណៈកម្មការទាំង៤រូបសរសើរ និងជំរុញទឹកចិត្តឲ្យខិតខំប្រឹងប្រែង ដើម្បីឈានជើងទៅកាន់វគ្គ បន្តទៀត។

នៅក្នុងវគ្គ «Live Show» នេះ គណៈកម្មការទាំង៤រូប មានលោក ព្រាប សុវត្ថិ, លោក ឆន សុវណ្ណារាជ, លោក ណុប បាយ៉ារិទ្ធ និងកញ្ញា ឱក សុគន្ធ កញ្ញា មិនមានសិទ្ធ ក្នុងការសម្រចចិត្តថា ឲ្យបេក្ខភាពរូបណា ជាប់ទៅកាន់វគ្គបន្តនោះទេ ពោលគឺអាស្រ័យលើមហាជន ក៏ដូចជាអ្នកគាំទ្រ តែមួយគត់ ដែលជាអ្នកមានសិទ្ធ សម្រេចបោះឆ្នោតឲ្យបេក្ខភាព ដែលខ្លួនពេញចិត្ត ដើម្បីទៅកាន់វគ្គបន្ត៕