ផលវិបាក នៃជំងឺទល់លាមក រ៉ាំរៃ

09-02-2018 1:19pm

សុខភាពៈ ការទល់លាមក ឬការពិបាកបន្ទោរបង់ គឺជាបញ្ហាដែលមនុស្សជាច្រើន តែងតែបានជួបប្រទះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ស្ទើរគ្រប់ៗគ្នា។ បញ្ហាមួយនេះ អាចជាការរំខានដល់សុខភាពទាំងផ្លូវកាយ និងផ្នែកអារម្មណ៍ផងដែរ។

ជំងឺទល់លាមក អាចជាបញ្ហាដែលអ្នកជំងឺតែងតែគិតថា គ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ ក៏ប៉ុន្តែការពិតដែលនៅពីខាងក្រោយបញ្ហាមួយនេះ គឺមានកត្តា និងមូលហេតុជាច្រើនទៀត ដែលមានពេលខ្លះត្រូវទាមទារការពិគ្រោះ និងពិនិត្យរុករកឫសគល់ ដែលបង្កឲ្យមានជាជំងឺនេះកើតឡើងមកបាន ឧទាហរណ៍ដូចជា ការឆ្លុះពោះវៀនធំ ការធ្វើអេកូពោះ ការធ្វើតេស្តឈាម ។ល។

ក) មូលហេតុដែលអាចបង្កឲ្យមានបញ្ហាទល់លាមកនេះកើតឡើង មានដូចជា

- ជំងឺដុំសាច់ដុះនៅក្នុងពោះវៀនធំ (ជាពិសេសជំងឺមហារីកពោះវៀនធំ)

- ជំងឺខ្សោយពោះវៀនធំ (Irritable bowel syndrome)

- ជំងឺខ្សោយក្រពេញមេអំបៅ (Hypothyroidism)

- ជំងឺរលាកពោះវៀនធំរ៉ាំរៃ

- និងមានជំងឺប្រចាំកាយផ្សេងៗទៀត ដូចជា ទឹកនោមផ្អែម, Stroke, Sclerodermie និងជំងឺ ដែលបណ្តាលឲ្យខូច ឬខ្សោយនៃប្រព័ន្ធបញ្ជាចលនារបស់ពោះវៀនធំ។ល។

ខ) កក្តាដែលរួមផ្សំផ្សេងៗក៏មាន ដូចជា

- ការគិតច្រើន ឬ Stress និងពិបាកចិត្តច្រើន

- របបអាហារប្រចាំថ្ងៃ មិនត្រឹមត្រូវ

- មិនមានលំហាត់ប្រាណ

- ការប្រើប្រាស់ថ្នាំពេទ្យមួយចំនួន

គ) ផលវិបាក នៃជំងឺទល់លាមក

- អាចបង្កទៅជាជំងឺឫសដូងបាត

- អាចឲ្យមានការដាច់រហែកភ្នាសរបស់បាត និងបង្កជាការធ្លាក់ឈាម ហើយមានការឈឺចាប់ពេលបន្ទោរបង់

- បើសិនជាមានការទល់លាមកនេះ មានការរ៉ាំរៃយូរ វាក៏អាចបណ្តាលឲ្យទៅជាបញ្ហាខ្សោយពោះវៀនធំ និងជាការប្រឈមមុខទៅនឹងជំងឺមហារីកពោះវៀនធំផងដែរ។

បញ្ជាក់៖ យើងទាំងអស់គ្នា អាចជៀសវាង និងកាត់បន្ថយបញ្ហាមួយនេះបាន ដោយការកែប្រែរបៀបរស់នៅប្រចាំថ្ងៃ (កាត់បន្ថយ Stress និងការគិតរឿងពិបាកចិត្តច្រើន របបអាហារត្រឹមត្រូវ និងធ្វើលំហាត់ប្រាណ...)។ ក្នុងករណីធ្ងន់ធ្ងរដូចជា ការទល់លាមកលើសពី២ថ្ងៃឡើងទៅ មានការស្រកចុះទម្ងន់លឿន និងខុសពីធម្មតា មានការស្លេកស្លាំង មានការធ្លាក់ឈាមពេលបន្ទោរបង់ និងមានការឈឺចុកចាប់ក្នុងពោះរ៉ាំរៃ។ល។

«បើសិនជាមានបញ្ហាទាំងអស់ ដូចបានរៀបរាប់ខាងលើ សូមមកទទួលការពិគ្រោះ និងពិនិត្យព្យាបាលជាមួយក្រុមការងារវេជ្ជបណ្ឌិតឯកទេសជំនាញ នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីបង្ការសភាពធ្ងន់ធ្ងរ និងគ្រោះថ្នាក់ដល់អាយុជីវិត»

ប្រភព៖ ការផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែត្រ